
កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនចាប់ផ្តើមបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក្នុងនោះរួមបញ្ចូលទាំងបណ្តាញទំនាក់ទំនង រវាងមេដឹកនាំ នៃប្រទេសទាំង២ផងដែរ ។
កូរ៉េខាងជើងអះអាងថា នេះជាសកម្មភាពដំបូង ហើយហៅកូរ៉េខាងត្បូង ជាបច្ចាមិត្ត ។
ការហៅទូរស័ព្ទជាប្រចាំថ្ងៃដែលបានធ្វើឡើង តាមរយៈការិយាល័យទំនាក់ទំនង ស្ថិតនៅព្រំដែនកូរ៉េខាងជើង ទីក្រុង Kaesong នោះ នឹងត្រូវបញ្ឈប់ ចាប់ពីថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២០) នេះតទៅ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៩ ខែមិថុនា ។
ប្រទេសទាំងពីរបានបង្កើតការិយាល័យទំនាក់ទំនងគ្នា ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង បន្ទាប់ពីកិច្ចចរចា កាលពីឆ្នាំ២០១៨ ។
បណ្តាញផ្សព្វផ្សាយព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា « កូរ៉េខាងជើង នឹងកាត់ផ្តាច់ ព្រមទាំងបិទទាំងស្រុងការិយាល័យទំនាក់ទំនង រវាងអាជ្ញាធរកូរ៉េខាងជើង និងខាងត្បូង ដែលបានធ្វើឡើង តាមរយៈការិយាល័យទំនាក់ទំនងរួម កូរ៉េខាងជើង-កូរ៉េខាងត្បូង…ចាប់ពីម៉ោង១២ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០» ។
គួររំឭកថា កាលពីសប្តាហ៍មុន លោកស្រី Kim Yo-jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងបានគំរាមបិទការិយាល័យទំនាក់ទំនងនេះជាមួយកូរ៉េខាងត្បូង បើសិនពួកអ្នករត់ចោលជួរកូរ៉េខាងត្បូង មិនព្រមបញ្ឈប់ការបាចសាចខិត្តប័ណ្ណប្រឆាំងចូលក្នុងកូរ៉េខាងជើងទេនោះ។
លោកស្រី បានចាត់ទុកថា យុទ្ធនាការបាចសាចខិត្តប័ណ្ណនេះ គឺជាអំពើអរិភាពដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងឆ្នាំ២០១៨ នៅឯកិច្ចប្រជុំកំពូល Panmunjom រវាងមេដឹកនាំ Moon Jae-in និងមេដឹកនាំKim Jong-un ៕ ប្រែសម្រួលដោយ៖ thach yat