
(ប្រាហ្គូ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ (Tennis) សប្បុរសធម៌ផ្នែកស្ត្រី នឹងប្រារព្ធឡើងដោយមានអ្នកគាំទ្រចូលរួម នៅក្នុងទីក្រុង Prague សាធារណៈរដ្ឋឆែក នៅសប្តាហ៍នេះ, នេះបើតាមការបញ្ជាក់ពី អ្នករៀបចំកម្មវិធី ហើយត្រូវបានសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៨ ខែមិថុនានេះ។
ការប្រកួតកីឡា ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា នឹងធ្វើឡើង ដោយមានក្រុមចំនួន៦ចូលរួម។
អ្នកផ្សព្វផ្សាយកម្មវិធីប្រកួត លោក Tomas Petera បានប្រាប់សារព័ត៌មាន CTK របស់ឆែកថា «យើងនឹងចាប់ផ្តើមជាមួយនឹងមនុស្សតិចជាងមុន ហើយខ្ញុំគិតថា យើងនឹងបង្កើនចំនួនមនុស្សជាបន្តបន្ទាប់» ។
ការប្រកួតនេះ នឹងប្រារព្ធឡើង ក្រោមការសម្រេចចិត្តរបស់រដ្ឋាភិបាលឆែក ដែលអនុញ្ញាតឲ្យព្រឹត្តិការណ៍នេះ ធ្វើឡើងមានមនុស្សចូលរួម រហូតដល់៥០០នាក់ ដោយគិតត្រឹមថ្ងៃទី៨ ខែមិថុនាកន្លងទៅ រដ្ឋាភិបាល បានបន្ធូរបន្ថយវិធានការគ្រប់គ្រង ការរីករាលដាលនៃវីរ៉ុស COVID-19។
គួរបញ្ជាក់ថា យោងតាមគេហទំព័រ Wikipedia គិតមកទល់ពេលនេះ ឆែក មានករណីឆ្លងវីរ៉ុសចំនួន៩,៤៤១ករណី ក្នុងនោះ៦,៧៥២ករណី បានជាសះស្បើយ និង៣២៤ករណីបានស្លាប់៕