អ្នកលក់គ្រឿងទេសម្នាក់ មានអាយុ ២៩ឆ្នាំ បានប្រគល់ខ្លួនឱ្យប៉ូលិសនៅពីថ្ងៃច័ន្ទនេះ ហើយបានសារភាពថា បានចាក់សម្លាប់បុរសម្នាក់ ដោយកាំបិត នៅក្នុងស្រុក Bang Khan កាលពីថ្ងៃអាទិត្យម្សិលមិញ។ បុរសដែលសម្លាប់បុរសម្នាក់នោះ មានឈ្មោះថា Thamthep Rodkong មកពីភូមិ Moo 4 ក្នុងឃុំ Ban Lamnao បានប្រគល់ខ្លួនឱ្យលោកវរសេនីយ៍ឯក Somporn Pruesawanich អធិការនគរបាលក្រុង Bang Khan នៅព្រឹកថ្ងៃច័ន្ទនេះ ។
គាត់បាននិយាយថា បុរសឈ្មោះ Sudrak Noodaeng អាយុ ៣៥ឆ្នាំ បានកាន់កាំបិតដ៏ធំមួយ ហើយបានចោទប្រកាន់គាត់ក្នុងលក្ខណៈគំរាមកំហែងដល់ជីវិតនៅមុខហាងលក់គ្រឿងទេសរបស់គាត់កាលពីថ្ងៃអាទិត្យ ហើយក៏បានឈ្លោះគ្នា រហូតដល់យកកាំបិតចាក់បុរសនោះតែម្តង ដើម្បីការពារខ្លួនគាត់ ។ លោក Thamthep បាននិយាយទៀតថា គាត់ភ័យស្លន់ស្លោពេក ហើយបានភៀសខ្លួនចូលទៅក្នុងព្រៃ និងបានចោលកាំបិតនៅទីនោះ ហើយក្រោយមកគាត់បានសម្រេចចិត្តចូលសារភាពតែម្តង ។
រូបតំណាង
ប៉ូលិសបានចូលទៅក្នុងព្រៃនៅថ្ងៃច័ន្ទនេះ ប៉ុន្តែមិនបានរកឃើញកាំបិទនោះទេ។ លោកវរសេនីយ៍ឯក Somporn បាននិយាយថា ប្រហែលជាមាននរណាម្នាក់បានរកឃើញ និងយកវាដោយមិនដឹងថាវាត្រូវបានគេប្រើនៅក្នុងការចាក់សម្លាប់នោះទេ។ លោក Thamthep ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ហើយគាត់បានបដិសេធការចោទប្រកាន់នោះ ដោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងបង់ជាទឹកប្រាក់ចំនួន ៥០០ ០០០បាត ដើម្បីរង់ចាំរឿងក្តីនេះបន្តទៀត ៕
ប្រែសម្រួលដោយោ៖ វិបុត្រ
ប្រភព៖ Bangkok post