ខេត្តសៀមរាប គឺជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅជុំវិញពិភពលោក ដែលមានភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។ ទេសចរដែលមកលេងនៅខេត្តសៀមរាប គោលដៅចម្បងរបស់គេគឺប្រាកដជាមកទស្សនាប្រាង្គប្រាសាទបុរាណនានាជាក់ជាពុំខាន។ ប៉ុន្តែ ចុះនៅពេលរាត្រីតើគេអាចទៅទស្សនានៅទីណា?
វាមានច្រើនកន្លែងដូចជា អាចទៅទិញរបស់របរនៅផ្សាររាត្រី (ផ្សាររាត្រីអង្គរ ផ្សាររាត្រីផល្លាអង្គរ ផ្សាររាត្រី Palm Container ផ្សាររាត្រី Siem Reap Art Center ផ្សាររាត្រីមាត់ស្ទឹង។ល។) ទៅផ្លូវ ៦០ ម៉ែត្រ និងទៅតំបន់ Pub Street ជាដើម។ ក្នុងចំណោមទីកន្លែងទាំងអស់នេះ តើមួយណាដែលភ្ញៀវពេញនិយមជាងគេ?
ក្រៅពីការទស្សនាប្រាសាទនៅពេលថ្ងៃ ភ្ញៀវទេសចរទាំងឡាយ ជាពិសេសភ្ញៀវបរទេសតែងទៅកម្សាន្តនៅតំបន់ Pub Street ។ ទីនេះប្រជុំដោយភោជនីយដ្ឋានធំៗ មានកន្លែងម៉ាស្សា មានក្លឹបរាំកម្សាន្ត មានហាងលក់វត្ថុអនុស្សាវរីយ៍ ជាពិសេសគឺមានការដាក់តាំងលម្អភ្លើងយ៉ាងស្រស់ស្អាតទៀតផង។
ភ្ញៀវដែលទៅទីនេះ ភាគច្រើនលើសលប់ជាភ្ញៀវមកពីលោកខាងលិច ដែលជាទូទៅពួកគេទៅដើម្បីទទួលទានអាហារ ផឹកបៀរ ម៉ាស្សាដងខ្លួន ម៉ាស្សាជើង និងរាំលេងកម្សាន្តជាដើម។ មិនថាតែភ្ញៀវបរទេសទេ សូម្បីតែទេសចរខ្មែរយើងដែលបានមកលេងនៅខេត្តសៀមរាបនេះក៏ពុំសូវរំលង Pub Street ដែរ។
ក្រៅពីនេះ Pub Street ក៏ជាតំបន់ដែលគេរៀបចំពេលមានកម្មវិធីប្រចាំឆ្នាំបែបបរទេសដូចជា បុណ្យនៃក្ដីស្រឡាញ់ បុណ្យ Halloween ជាពិសេសគឺបុណ្យឆ្លងឆ្នាំសាកលតែម្ដង។
ប៉ុន្តែជាអកុសល ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ ១៩ បានធ្វើចំនួនភ្ញៀវទេសចរនៅទូទាំងសាកលលោក រួមទាំងប្រទេសយើងផង បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រទេសនីមួយៗបានសម្រេចចិត្តបិទជើងយន្តហោះព្រោះតែការឆ្លងរីករាលដាលយ៉ាងលឿននៃជំងឺមួយនេះ។ ចង់ដឹងថាតើ មុនពេលកើតជំងឺនេះឡើង តើទិដ្ឋភាពនៃតំបន់ Pub Street មានភាពស្រស់ស្អាតយ៉ាងដូចម្ដេចខ្លះ??