ឯកឧត្តម សៅ សុខា ចង់បង្កើតក្រុមបាល់ទាត់ពិសេសមួយ ដែលប្រមូលកីឡាករល្អៗនៅប្រទេសកម្ពុជា និងតាមក្លឹបនានា ដើម្បីត្រៀមប្រកួតស៊ីហ្គេម២០២៣។
ដើម្បីជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះផងនោះ នៅស៊ីហ្គេម២០២៣ខាងមុខ សហព័ន្ធបាល់ទាត់កម្ពុជានិងថ្នាក់ដឹកនាំបានដាក់គោលដៅធ្វើយ៉ាងណាឱ្យបានដល់វគ្គខ្វែងឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ បើតាមឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវិញ មិនត្រឹមតែចង់ដល់វគ្គនេះទេ គឺចង់ដល់វគ្គផ្ដាច់ព្រ័ត្រ និងបានមេដាយមាសតែម្ដង ព្រោះក្នុងនាមជាកីឡាករគឺតែងតែចង់ឈ្នះជានិច្ច។
ក្នុងន័យនេះដែរ ដើម្បីសម្រេចគោលដៅបាន ឯកឧត្តម ក៏បានផ្ដួចផ្ដើមគំនិតមួយ ដោយចង់បង្កើតជាក្រុមឬក្លឹបបាល់ទាត់ពិសេសមួយ ដែលប្រមូលយកយុវជនល្អៗមក នៅជាមួយ។ គោលដៅនេះ គឺប្រមូលកីឡាករក្មេងៗមានសមត្ថភាពតាមបណ្ដាក្លឹបទាំងអស់ មកស្នាក់នៅហ្វឹកហាត់ជាមួយគ្នា ពង្រឹងសមត្ថភាពនិងដាក់ឱ្យលេងក្នុងលីគកម្ពុជាចាប់ពីរដូវកាលក្រោយទៅតែម្ដង។ ធ្វើយ៉ាងនេះ គឺពួកគេអាចពង្រឹងសមត្ថភាពបាន២រដូវកាលក្នុងលីគដែរ មុនពេលដាក់ឱ្យលេងនៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ដោយក្រុមមួយនេះ នឹងជំនួសក្រុមយុវជនបាទីដែលកំពុងលេងនៅលីគ៕