
លោក Felix Dalmas បាននិយាយដល់គម្រោងរើសកីឡាករសម្រាប់កម្ពុជានៅពេលខាងមុខ ដោយលោកមើលឃើញថាកីឡាករខ្មែរដែលនៅបារាំង ឬអាមេរិក ក៏មានសមត្ថភាពល្អខ្លាំងដែរ។ ដើម្បីជាការត្រៀមខ្លួនចូលប្រកួតអន្តរជាតិនានា ជាពិសេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣ផងនោះ សហព័ន្ធបាល់ទាត់កម្ពុជាកំពុងរៀបចំផែនការរួចជាស្រេចហើយ។ បើតាមលោក Felix ដែលជាអ្នករៀបចំក្រុមដើម្បីស៊ីហ្គេម២០២៣ និងចង់បានមេដាយផងនោះ កំពុងតែសម្លឹងមើលកីឡាករក្នុងក្រៅគ្រប់ខេត្តក្រុង ដើម្បីបង្កើតជាក្រុមពិសេសមួយ។
មិនត្រឹមតែប៉ុណ្ណោះទេ លោកបានបង្ហើបពីគម្រោងចង់ជ្រើសរើសកីឡាករដែលមានឈាមជ័រជាខ្មែរនៅក្រៅប្រទេសមករួមក្រុមផងដែរ។ ក្នុងបទបង្ហាញរបស់គ្រូបង្វឹកអាហ្សង់ទីន បានឱ្យដឹងថានៅក្រៅស្រុកដូចជាបារាំង និងអាមេរិកជាដើមនោះ សុទ្ធតែខ្មែរចូលចិត្តលេងបាល់ទាត់ទាំងអស់។ ដូច្នេះនេះជាឱកាសមួយសម្រាប់ស្វែងរកកីឡាករល្អៗមកពីក្រៅស្រុកដើម្បីជួយកម្ពុជាហើយ។ លោក Felix ថាពេលនេះ មិនមែនជាពេលត្រូវសួរថាតើនរណាជាអ្នកធ្វើឡើយ ប៉ុន្តែត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីសម្រេចគោលដៅខាងមុខសម្រាប់កម្ពុជា៕