មន្ត្រីជាន់ខ្ពស់ នៃកម្លាំងប៉ូលិសទេសចរណ៍ថៃ TPB ត្រូវបានកោះហៅឲ្យចូលទៅកាន់ទីស្នាក់ការប៉ូលិស ដើម្បីសួរនាំក្រោយការចុះចតឧទ្ធម្ភាគចក្រ នៅទីធ្លាវត្តដ៏ល្បីល្បាញមួយ នៅក្នងប្រទេសថៃ។
សារព័ត៌មាន Bangkok Post បានផ្សាយថា អគ្គស្នងការប៉ុលិសទេសចរណ៍ថៃ TPB គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខា កោះហៅលោក Krissak Songmoolnak ឲ្យវិលត្រឡប់ទៅកាន់ទីក្រុងបាងកកវិញជាបន្ទាន់។
សកម្មភាពខាងលើ គឺដើម្បីបើកផ្លូវស្រាវជ្រាវលើករណី ដែលលោក Krissak Songmoolnak បានចុះចតឧទ្ធម្ភាគចក្រ Bell 419 ដឹករូបលោក នៅវត្ត Wat Chedi ស្ថិតក្នុងស្រុក Sichol កាលពី៣ថ្ងៃមុន ។
វត្ត Wat Chedi គឺជាវត្តដែលស័ក្ដិសិទ្ធិបំផុត ដូច្នេះគួរណាស់តែ លោក Songmoolnak ចុះចតនៅកន្លែងផ្សេង ក្រៅពីវត្ត គឺជារឿងល្អប្រសើរបំផុត។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម ពីឧទ្ធម្ភាគចក្រខាងលើ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង។
ដោយឡែកពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ នៅថ្ងៃទី៨ ខែមិថុនា ថៃរកឃើញការណីឆ្លង ៧នាក់ថ្មី និងមិនមានអ្នកស្លាប់នោះឡើយ ។ សរុបអ្នកឆ្លងកូវីដ១៩ នៅថៃ មាន៣១១៩នាក់ និងស្លាប់៥៨នាក់៕ ប្រែសម្រួលដោយ៖ MEO