ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាការស្ដារប្រឡាយលូធំៗ ជាដែនសមត្ថកិច្ចរបស់សាលា រាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ដោយឡែក បញ្ហាលូ ប្រឡាយ តូចៗ ជាដែនសមត្ថកិច្ចរបស់ អាជ្ញាធរខណ្ឌ និងសង្កាត់ជាអ្នកគ្រប់គ្រង យើងមានលូ ប្រឡាយគ្រប់គ្រាន់ហើយ លោកឆ្ងល់ថា ហេតុអ្វីនៅពេលភ្លៀងម្ដងៗ នៅតែលិចលង់ដដែល?
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីការដោះស្រាយបញ្ហាប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាការកត់សម្គាល់របស់ លោក ឃួង ស្រេង ពេលភ្លៀងប៉ុន្មានមេមកនេះ នៅខណ្ឌពោធិ៍សែនជ័យ មានជំនន់កកស្ទះទឹកភ្លៀង ពិតប្រាកដមែន ដោយសារសំរាមហូរមកកកស្ទះ នៅមាត់លូ។ លោកថា រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវ ចុះស្ដារភ្លាមៗ បើខ្លួនអត់មានសមត្ថភាព ត្រូវរាយការណ៍មក សាលារាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និង សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រងឱ្យបានល្អ បញ្ចៀសការលិចលង់ និងកកស្ទះសំរាម នៅរដ្ដូវវស្សា៕ ដោយ៖ ប៊ុនធឿន