អំឡុងពេល កើតមានវិបត្តិកូវិដ១៩ ប្រទេសកម្ពុជា នៅតែទទួលបាន ការបញ្ជាទិញអង្ករពីប្រទេសចំនួន៥៤ ដែលក្នុងនោះមានប្រទេសចិន បារាំង ម៉ាឡេស៊ី និងវៀតណាម…។ល។
បើតាមរបាយការណ៍រយៈពេល៥ខែ ដើមឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បរិមាណនាំចេញអង្ករ សម្រេចបានប្រមាណជិត៦ម៉ឺនតោន ដែលចំនួននេះមាន ការកើនឡើងប្រមាណ៥៣.៣៨% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានប្រមាណច្រើនជាង៣ម៉ឺនតោន។
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ អង្ករចំនួន ៣៥៦ ០៩៧តោន ត្រូវបានសម្រេចធ្វើការនាំចេញទៅកាន់ទិសដៅ៥៤ប្រទេស ក្នុងនោះទៅប្រទេសចិនឈរនៅលំដាប់ទីមួយ ដែលមានប្រមាណជាង១៣៦៨២៥តោន ប្រទេសបារាំងឈរលំដាប់ទី២ មាន៤៥ ២៦៧តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មាន ១៧ ៦៧៣តោន និងប្រទេសណេដ៍ឡែនឈរលំដាប់ទី៤ មាន១៤ ៦៦៦តោន។
ជាមួយគ្នានេះ ប្រទេសវៀតណាមក៏បានឈរនៅក្នុងលំដាប់ទី ៥ ដែលធ្វើការបញ្ជាទិញអង្ករពីកម្ពុជាមានចំនួន១២ ៧០០តោន អង់គ្លេសឈរលំដាប់ទី ៦ មាន ៩៧១៤ តោន និងប្រទេសប៉ូឡូញឈរលំដាប់ទី៧ មាន ៨៩៨៧ តោន។
ដោយឡែកប្រទេសអេស្ប៉ាញ ក៏បានឈរនៅក្នុងលំដាប់ទី៨ ដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងបរិមាណ៧៨៦៤តោន ហើយប្រទេសប៊ែលហ្សិកឈរលំដាប់ទី ៩ មាន៧៣៨៨ តោន និងប្រទេសព្រុយណេលំដាប់ទី១០ មានប្រមាណ៧៣៥០។
ការបញ្ជាទិញអង្ករកម្ពុជា គឺត្រូវបានធ្វើឡើងតាមរយៈ ក្រុមហ៊ុននាំចេញអង្ករចេញមានចំនួន ៦៥ក្រុមហ៊ុន៕ ដោយ៖ ឃួន លក្ខិណា