កាសែតអេស្ប៉ាញ Marca បានចុះផ្សាយថាខ្សែបម្រើ Miralem Pjanic ជិតដល់ពេលផ្លាស់ទៅកាន់ក្លិប Barcelona ហើយ ខណៈពេលដែលក្លិប Paris Saint-Germain ក៏កំពុងចង់បានកីឡាករ Juventus រូបនេះផងដែរ។
ខ្សែបម្រើ Pjanic ត្រូវបានគេយល់ថា កំពុងត្រៀមចាកចេញពីទីក្រុង Turin របស់ប្រទេសអ៊ីតាលីនៅចុងបញ្ចប់រដូវកាលនេះ ព្រោះរូបគេយល់ថាខ្លួនមិនមែនជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក Maurizio Sarri ដែលជាអ្នកចាត់ការទូទៅក្លិប Juventus ទេនៅពេលខាងមុខ។
កាលពីមួយរយៈមុន ក្លិប Barcelona ត្រូវបានគេចុះផ្សាយថា មានបំណងចង់ផ្តល់កីឡាកររបស់ខ្លួនមួយរូប គឺខ្សែបម្រើ Arthur Melo ទៅឱ្យក្លិប Juventus ដើម្បីជាថ្នូរនឹង Pjanic ក្នុងការចុះហត្ថលេខានៅក្នុងទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ Arthur ធ្លាប់បាននិយាយម្តងរួចមកហើយថា ខ្លួនគេមិនចង់ផ្លាស់ទៅលេងនៅទឹកដីអ៊ីតាលីនារដូវក្តៅនេះទេ។
យ៉ាងណាមិញ ក្លិប PSG ក៏ត្រៀមផ្តល់ជូនកីឡាកររបស់ពួកគេមួយរូបផងដែរទៅឱ្យ Juventus គឺខ្សែបម្រើ Leandro Paredes ដើម្បីជាថ្នូរនឹង Pjanic ដូចគ្នា។
បើតាមប្រភពខាងលើ បានបញ្ជាក់ដែរថា Pjanic ហាក់មិនមានបំណងចង់ផ្លាស់់ទៅលេងនៅទឹកដីបារាំងទេ ដោយគោលដៅរបស់ខ្សែបម្រើសញ្ជាតិបូស្នៀរូបនេះ គឺទៅអេស្ប៉ាញចូលរួមជាមួយក្លិប Barca៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia