ក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅ បណ្តាលឲ្យមានបាតុកម្ម គ្រប់រូបភាពកើតឡើង នៅអាមេរិក ដោយយកតម្រាប់តាមជនរងគ្រោះ ដែលត្រូវប៉ូលិសអាមេរិកប្រើជង្គង់សង្កត់ក រហូតដល់ស្លាប់។ ករណីនេះបាននាំឲ្យមានបាតុកម្មលុតជង្គង់ និងបាតុកម្មដេក នៅអាមេរិក ដើម្បីទាមទាររកយុត្តិធម៌ឱ្យជនរងគ្រោះ និងបញ្ចប់ការរើសអើងជាតិសាសន៍។
ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់ បានប្រមូលផ្តុំគ្នា នៅមុខសារមន្ទីរក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេកពេញនៅខាងមុខ ហើយស្រែកនូវពាក្យថា «ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យ George Floyd។
ក្រុមបាតុករបានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល៨នាទី ជាពេលវេលាដែលជនរងគ្រោះGeorge Floyd ត្រូវប៉ូលិសសង្កត់ក រហូតដល់ស្លាប់ ។ ក្រុមបាតុករបាននាំគ្នាស្រែកថា«ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។
បាតុកម្ម បានចាប់ផ្តើមឡើងនៅថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា (ពេលវេលានៅអាមេរិក) នៅមុខសារមន្ទីរសិល្បៈ ។ ជាមួយគ្នានេះ ក្រុមបាតុករបានលើកបដាដោយមានសរសេរថា គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ។
បុរសជនជាតិស្បែកខ្មៅ George Floyd បានស្លាប់ដោយសារតែប៉ូលិសយកជង្គង់សង្កត់ក រហូតដល់ជិត៩នាទី ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន ក៏ដាច់ខ្យល់ស្លាប់។ តាំងពីពេលនោះមក គឺមានបាតុកម្មកើតឡើងជាបន្តបន្ទាប់ បង្កឲ្យមានអំពើហិង្សាទៀតផង។ បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើន នៅជុំវិញពិភពលោក ជាពិសេស ប្រទេសមានក្រុមជនជាតិស្បែកខ្មៅរស់នៅ៕ប្រែសម្រួលដោយMEO