ភ្នំពេញ៖នារីម្នាក់បានស្លាប់ភ្លាមៗ ដោយកៀបជាប់ក្រោមកង់ឡាន រីឯម្នាក់ផ្សេងទៀត រងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូបំរុងទៅលេងស្រុក ត្រូវរថយន្តបែនដឹកដីបុកកិនពីលើ កាលពីវេលាម៉ោ៩ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែររង្វង់មូលកួរស្រូវផ្លូវជាតិលេខ២ កែង និងផ្លូវ១០៤សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AI 665 5ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3D 2803 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន ភ្លាមនោះបានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូទាំង២នាក់ នៅខាងមុខ បណ្តាលឲ្យខ្ទាតចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ដោយឡែក អ្នកបើកបរត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ទៅឲ្យ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលរលួសឃាត់ខ្លួន និងធ្វើការសាកសួរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដង្កោសហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនអ្នកបើកបរ និងយករថយន្តបង្ករួម និងម៉ូតូជនរងគ្រោះទៅរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការ និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
រីឯសពរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ដោយ សួងសាម