ចាប់តាំងពីខែមីនា កន្លងមក តម្លៃប្រេងឆៅ ប្រភេទ Brent បានហក់ឡើងខ្ពស់ជាលើកដំបូង ដោយក្នុង១ធុង (Barrel) ថ្លៃ៤៣ដុល្លារអាមេរិក ហើយប្រេងឆៅ WTI ក៏មានតម្លៃសមរម្យផងដែរ ដោយការធ្វើពាណិជ្ជកម្ម មានតម្លៃ៤០,២២ដុល្លារអាមេរិក ពោលគឹកើនឡើង ១,៧ ភាគរយ។
បើតាមសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានផ្សាយ នៅព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា តម្លៃប្រេងឆៅ ប្រភេទ Brent នាពេលខាងមុខ សម្រាប់ខែសីហា ការផ្គត់ផ្គង់ នៅលើទីផ្សារលក់ដូរប្រេង របស់ពិភពលោក ប្រចាំនៅទីក្រុងឡុងដ៍ បានឡើងថ្លៃ ប្រហែល ១,៧ភាគរយ គឺតម្លៃកើនដល់ ៤៣,០២ នៅពេលបិទការជួញដូរ។
ប្រភពព័ត៌មានដដែល បានបន្ដថា កាលពីពេលកន្លងមក ប្រេងឆៅ ជួញដូរ មានតម្លៃ៤៣ដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។ ដោយឡែក ប្រេងឆៅ WTI ក៏មានតម្លៃល្អប្រសើរផងដែរ ដោយមានតម្លៃ៤០,២២ដុល្លារអាមេរិក។ ពោលគឺមានតម្លៃកើនឡើង ១,៧ភាគរយ។
នៅកិច្ចប្រជុំតាមវីដេអូខន់ហ្វេរ៉ិន កាលពីថ្ងៃទី៦ ខែមិថុនា រដ្ឋមន្រ្ដី OPEC+ បានបង្កើនការកាត់បន្ថយប្រេងសម្រាប់ខែបន្ទាប់ រហូតដល់ចុងខែកក្កដា។ ថ្វីត្បិតតែមិនមានការរឹតបន្ដឹង មិនធ្លាប់មានពីមុនមកក៏ដោយ តែរុស្ស៊ី និងប្រទេសអារ៉ាប៊ីសាអូឌីត នៅតែទទូចថា សមាជិក OPEC ទាំងអស់ត្រូវតែធ្វើតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ដោយ Nuon