
ប្រធានផ្នែកកីឡាក្លិប Napoli លោក Cristiano Giuntoli បានបញ្ជាក់ប្រាប់ទៅកាន់ក្លិប Real Madrid និង Barcelona ថាខ្សែបម្រើកណ្តាល Fabian Ruiz នឹងមិនមានឈ្មោះសម្រាប់លក់ចេញនៅអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខទេ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិប Napoli ទិញមកពីក្លិប Real Betis ក្នុងតម្លៃ៣០លានផោន កាលពីរដូវក្តៅឆ្នាំ២០១៨។ ការដែលផ្លាស់មកទីនេះ ជាចំណែកធ្វើឱ្យរូបគេមានការអភិវឌ្ឍន៍សមត្ថភាពលេងបានយ៉ាងល្អពីមួយរដូវកាលទៅមួយរដូវកាល។ បច្ចុប្បន្ន រូបគេបានក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ក្លិបយក្សអេស្ប៉ាញទាំងពីរនៅទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។
យ៉ាងណាក៏ដោយ ក្រោយលេចឮដំណឹងបែបនេះ លោក Giuntoli ប្រធានផ្នែកកីឡារបស់ក្លិប Napoli បានចេញមកបញ្ជាក់ប្រាប់ទៅកាន់ក្លិបទាំងពីរខាងលើតាមរយៈទូរទស្សន៍ Sky Sport Italia ថា៖ “Fabian នៅសល់កិច្ចសន្យា៣ឆ្នាំជាមួយយើង ហើយគាត់នឹងបន្តលេងនៅទីនេះឆ្នាំក្រោយទៀត។ ខ្ញុំគិតថា គាត់នឹងស្នាក់នៅ Napoli បន្តទៀត ព្រោះគាត់សប្បាយចិត្តនឹងនៅទីនេះក្រោមការដឹកនាំរបស់លោក Gennaro Gattuso” ។
សម្រាប់រដូវកាលនេះ ខ្សែបម្រើ Fabian រកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assists) ២លើកផងដែរ ពីការបង្ហាញខ្លួនចំនួន២៣ប្រកួត ក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia