ចំណាយពេលតែមួយយប់ពីរថ្ងៃទៅស្នាក់លំហែកាយនៅ ក្ដាតសាណាកា សប្បាយអស់ទាស់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តធម្មជាតិពិតៗ ទឹកជ្រោះ និងស្វែងយល់ពីអ្វីថ្មីៗ ទៅទីនោះគឺមិនខុសបំណងឡើយ។ តោះយើងមកមើលមើលថា តើធ្វើយ៉ាងណាទើបចំណាយពេល និងលុយបានត្រឹមត្រូវពេលទៅលេងទីនោះ!
១.ការចេញដំណើរ
ក្ដាតសាណាកា ស្ថិតនៅចម្ងាយ 19គីឡូម៉ែត្រ ពីក្រុងកំពត បើធ្វើដំណើរតាមយាន្តជំនិះចំណាយពេលត្រឹមតែ 1ម៉ោងអីគឺដល់ហើយ ប៉ុន្តែបើយើងជិះមកពីខាងក្រុង ភ្នំពេញ គឺដល់ ក្ដាតសាណាកា មុនទៅដល់ក្រុង កំពត ដូច្នេះយើងគួរតែគិតដោយខ្លួនឯងទៅមើលថា តើចម្ងាយផ្លូវប៉ុនហ្នឹងយើងត្រូវចំណាយថ្លៃសាំងទៅមកប៉ុន្មាន? ប្រហែល 5លីត្រសម្រាប់ម៉ូតូ សម្រាប់ឡានអាចប្រហែល 5$-10$ អ្វីដែលចង់បញ្ជាក់ជូនគឺយើងគួរតែញ៉ាំអីឲ្យឆ្អែតសឹមចេញដំណើរ ហើយបើអាចគួរតែដាក់អាហារដែលអាចទុកបានមួយថ្ងៃពីរទៅតាម ដើម្បីជៀសវាងការចំណាយលុយច្រើន។
២. Camping
ពេលទៅដល់ទីនោះភ្លាមជាដំបូងយើងគួរតែឈប់នៅម្ដុំរមណីយដ្ឋានក្ដាតសាណាកា ដើម្បីរកកន្លែងស្នាក់នៅជាមុនសិន ដែលនៅក្បែរៗនោះមានជុំរុំបោះតង់ បឹងកាឡូនិងរីសតផ្សេងៗ។ យើងចង់ចំណោយតិចយកការបោះតង់ទៅជាមធ្យោបាយស្នាក់នៅដ៏ល្អបំផុតនិងប្លែកថ្មីគួរឲ្យចាប់អារម្មណ៍។ តម្លៃតង់ស្នាក់នៅមួយថ្លៃត្រឹមតែ12$ប៉ុណ្ណោះសម្រាប់១យប់។ បើនិយាយពីសេវាកម្មវិញគឺល្អអស់ទាស់ និងមានភាពរួសរាយរាក់ទាក់។ រកកន្លែងស្នាក់រួចហើយចាំយើងដើរមើលទេសភាពព្រៃកោងកាងដែលដុះចាក់ឬសច្រូងច្រាងនិងព្រៃឈើពណ៌បៃតង ដែលមាននៅជុំវិញរមណីដ្ឋាននោះ និងអាចធ្វើការថតរូបជាមួយទេសភាពដ៏ស្រស់ស្អាតទាំងនេះទុកជាអនុស្សាវរីយ៍ ធានាថាយើងនឹងបានរូបថតជាទីពេញចិត្តខុសពីកន្លែងដទៃ។
៣. ទៅលេងទឹកធ្លាក់សាណាកា
ក្រោយពីសប្បាយនៅរមណីដ្ឋានអស់ចិត្តហើយសឹមយើងនាំគ្នាទៅលេងទឹកជ្រោះនៅក្បែរជើងភ្នំ បូកគោ ដែលស្ថិតនៅប៉ែកខាងជើងនៃរមណីដ្ឋានចម្ងាយ ៥គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅទីនោះបានយើងអាចជិះបានតែទោចក្រយានតែប៉ុណ្ណោះ ប៉ុន្តែយកល្អគួរតែដើរប្រសើរជាង ព្រោះយើងនឹងបានដើរមើលទេសភាពស្អាតៗខណៈធ្វើដំណើរស្របតាមផ្លូវរទេះភ្លើង ឬអាចសួររកអ្នកនាំផ្លូវម្នាក់ឈ្មោះ ណយ ក៏បាន។ ចំណាំ៖ ធ្វើយ៉ាងណាទៅដល់ទីនោះម៉ោង ៣ ឬ ៤ល្ងាច ទើបសប្បាយលេង។ (អោយ Tip គ្នាចាយផង) XD
៤. ទៅលេងជិះទូកកាយ៉ាក់
នៅម្ដុំៗទឹកធ្លាក់នោះ អ្វីដែលកាន់តែពិសេសគឺ យើងអាចជួលទូកកាយ៉ាក់ជិះកំសាន្តលើព្រែក សាណាកា មើលទេសភាពស្អាតៗត្រជាក់ភ្នែកនៃព្រៃលិចទឹកដោយទូកមួយតម្លៃ ៤ដុល្លារ ជិះបានគ្នា ២ទៅ៣នាក់ ដឹងតែសប្បាយអស់ទាស់ហ្មង ជាពិសេសបានរូបថតស្អាតៗដ៏កម្រលើផ្ទៃទឹកថែមទៀត។
៥. Camping, BBQ និងលំហែអារម្មណ៍
ជាចុងក្រោយយើងក៏ត្រឡប់មកជុំរុំតង់វិញ ហើយយើងអាចសម្អាតខ្លួន រួចចាប់ផ្ដើមប្រមូលគ្នាធ្វើBBQ រាំ ច្រៀង ជជែកគ្នា និងលំហែអារម្មណ៍តាមបរិយាកាសខ្យល់បរិសុទ្ធនៅទីនោះ និងបញ្ចប់ដោយការចូលសម្រាក រួចនាពេលព្រឹកឡើងយើងចាប់ផ្ដើមចេញដំណើរទៅគោលដៅផ្សេងទៀត ឬត្រឡប់ទៅផ្ទះវិញ។
បើយើងទៅលេងជាក្រុមវិញ(៤ ទៅ ៥នាក់ឡើង)ដោយម៉ូតូមានលុយត្រឹមតែ 20$/ម្នាក់ខាប់ណាស់ ហើយបើជិះឡានគ្នាត្រឹម ១០នាក់អីចំណាយអស់ត្រឹមតែ 35$ទៅ40$ ដើរលេងយ៉ាងសប្បាយ។
អ្នកទាំងអស់គ្នាអានតាមដាន Video ខ្ញុំនៅសាណាកាក្នុង TNAOT APP រួចស្វែងរក Jinghab Vlogger