ក្លិប AC Milan ត្រូវបានគេរាយការណ៍ថា កំពុងដាក់ការចាប់អារម្មណ៍ចង់បានខ្សែបម្រើកណ្តាលរបស់ក្លិប Espanyol គឺកីឡាករ Marc Roca នៅរដូវក្តៅនេះ។
យោងតាម Milannews.it ដែលជាគេហទំព័រផ្ទាល់របស់ក្លិប បានចុះផ្សាយថា Milan ត្រៀមបញ្ចូនភ្នាក់ងារកីឡារបស់ខ្លួនឱ្យទៅតាមដានទម្រង់លេងខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ក្នុងអំឡុងពេលប្រកខណ្ឌ LaLiga បើកយុទ្ធនាការសាជាថ្មីនៅក្នុងខែមិថុនាខាងមុខ។
កីឡាករអន្តរជាតិវ័យ២៣ឆ្នាំរូបនេះ កើតចេញពីថ្នាលយុវជនក្លិប Espanyol ក្រោយមកបានអភិវឌ្ឍន៍ខ្លួនទៅលេងនៅឈុតធំរបស់ក្លិបចាប់តាំងពីឆ្នាំ២០១៦ រហូតមក ហើយក៏ធ្លាប់ជាប់ឈ្មោះលេងក្នុងក្រុមជម្រើសជាតិយុវជនអេស្ប៉ាញ ក្រោមអាយុ១៩ឆ្នាំ និង២១ឆ្នាំផងដែរ។
សម្រាប់រដូវកាលនេះ ខ្សែបម្រើ Roca រកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៤ប្រកួត ក្នុងក្របខ័ណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ។ គួរឱ្យដឹងដែរថា បច្ចុប្បន្នរូបគេនៅសល់កុងត្រាជាមួយក្លិប Espanyol ចំនួន២រដូវកាលទៀត ពោលគឺមានសុពលភាពរហូរដល់ខែមិថុនាឆ្នាំ២០២២៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia