(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) លើបុរសជនជាតិខ្មែរ ១នាក់នៅខេត្តត្បូងឃ្មុំ។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
បុរសជនជាតិខ្មែរនោះ មានអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយ នៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ២លើក។
ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១២៦នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៨៧នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២២នាក់ ក្នុងរលកទី១។
ចំណែករលកទី២ គឺមានចំនួន ៤នាក់បន្ថែមទៀតលើជនជាតិខ្មែរទាំងអស់ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងបានព្យាបាលជាសះស្បើយស្រីជនជាតិខ្មែរ ២នាក់ នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។
តាមការអះអាងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។
ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម៕