មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការនយោបាយគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចដឹកនាំប្រទេស ។
កិច្ចពិភាក្សារបស់គណៈកម្មាធិការនៅលើកនេះ បានផ្តោតទៅលើអំពីគម្រោងសេដ្ឋកិច្ច និងឧស្សាហកម្មគីមី។ នេះបើតាមការផ្សាយរបស់ប្រភព KCNA ដែលជាបណ្តាញព័ត៌មានគ្រប់គ្រង ដោយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កិច្ចពិភាក្សាបានលើកឡើង អំពីបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះមានដូចជាការអភិវឌ្ឍបន្ថែមទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកូរ៉េខាងជើងទាំងមូល ។
កិច្ចប្រជុំរបស់ការិយាល័យនយោបាយលើកទី១៣នេះ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ឧស្សាហកម្មគីមីគឺ ជា “កម្លាំងរុញច្រានដ៏សំខាន់មួយដល់សេដ្ឋកិច្ចជាតិ” ។
ប្រភព KCNA បានដកស្រង់ប្រសាសន៍របស់លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការផ្តល់អាទិភាពខ្ពស់ដល់ការបង្កើនសមត្ថភាពផលិតជី ។ កិច្ចប្រជុំនេះ ក៏បានសង្កត់ធ្ងន់ទៅលើការសាងសង់ផ្ទះជូនដល់ពលរដ្ឋ ដែលជាមធ្យោបាយមួយ ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកូរ៉េខាងជើង មានភាពល្អប្រសើរឡើង។
កិច្ចប្រជុំមានរយៈពេលពីរថ្ងៃ កើតឡើងចំពេលមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ច ដ៏ដូចជាការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ ។ កូរ៉េខាងជើង មិនមានប្រពភពព័ត៌មានផ្សាយ អំពីការឆ្លងរាតត្បាតពីវីរុសកូវីដ១៩នោះឡើយ ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើង កំពុងរងនូវសម្ពាធបន្ថែមទៅលើសេដ្ឋកិច្ច តាមរយៈការដាក់ទណ្ឌកម្មជាអន្តរជាតិ ដោយមានគោលបំណងគាបសង្កត់ប្រទេសនេះ ឲ្យបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ៕ ប្រែសម្រួលដោយ៖ thach yat