បើតាមគេហទំព័រ Worldometers បានផ្សាយថា គិតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមិថុនា ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោកកើនឡើងដល់ 7.078.988 និងស្លាប់កើនឡើងដល់ 404.975 នាក់ស្លាប់។ ចំណែក អ្នកឆ្លងកូវីដ១៩ ព្យាបាលជាសះស្បើយ ក៏បានកើនឡើងដល់ 3.453.487 នាក់ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងជាង៧លាននាក់ មាននៅក្នុងប្រទេសចំនួន២១៣ប្រទេស និងដែនដី នៅជុំវិញពិភពលោក ។ នៅពេលនេះដែរ ប្រទេស និងតំបន់ជាច្រើន បានសម្រេចលុបបម្រាម ហើយបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន ក្រោយមានអ្នកឆ្លងកូវីដ១៩ ធ្លាក់ចុះ។ ជាមួយគ្នានេះក៏មានប្រទេសមួយចំនួនមានអ្នកឆ្លងកើនឡើងផងដែរ ។
ប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ កើនឡើងច្រើនលំដាប់ទី១ លើពិភពលោក គឺអាមេរិក ដដែល ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មី 18.514 នាក់ និងស្លាប់៣៧០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអាមេរិកកើនឡើង 2.007.058 នាក់ និងស្លាប់កើនឡើងដល់ 112.466 នាក់។
ចំនួនអ្នកឆ្លង នៅអាមេរិក មានសញ្ញាកើនឡើងខ្ពស់ ក្រោយរដ្ឋជាច្រើនបានបើកទ្វារដំណើរការសេដ្ឋកិច្ច ហើយពេលនេះមានបាតុកម្មគ្របដណ្តប់ នៅទូទាំងអាមេរិកទៀត ជាសញ្ញាកើនឡើងខ្ពស់។
បន្ទាប់ពីអាមេរិក គឺប្រេស៊ីល ជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទីពីរ នៅលើពិភពលោក ដោយប្រទេសនេះមានករណីឆ្លងថ្មី ក្នុងរយៈពេល ២៤ម៉ោង មាន16.722នាក់ និងអ្នកស្លាប់ ៤៥៤នាក់ ធ្វើឲ្យអ្នកឆ្លង សរុបកើនឡើង ដល់ទៅ 690.309 នាក់ និងស្លាប់សរុប 36.411នាក់។
ប្រទេសទី៣ គឺប្រទេសរុស្ស៊ី មានអ្នកឆ្លង 8.984 និងស្លាប់កើនឡើង ១៣៤នាក់ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យអ្នកឆ្លងសុរប 467.673 នាក់ និង ស្លាប់សរុប5.859 នាក់៕ ប្រែសម្រួលដោយ៖ MEO