ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា បានងាកមកចាប់អារម្មណ៍លើខ្សែបម្រើកណ្តាល Ismael Bennacer របស់ក្លិប AC Milan វិញម្តង បន្ទាប់ពីពួកគេមិនរំពឹងខ្ពស់ថាអាចនឹងចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាល Eduardo Camavinga បានពីក្លិប Rennes នៅរដូវក្តៅនេះ។
បើយោងតាមកាសែតបារាំង Foot Mercato បានចុះផ្សាយថា Real Madrid ក៏នឹងត្រូវចូលរួមប្រជែងជាមួយក្លិប PSG និង Man City ផងដែរ ក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះពីក្លិប Milan។
កាលពីមួយរយៈមុន ក្លិប Rennes បានបញ្ជាក់ថា ពួកគេមិនទាន់មានគម្រោងចង់លក់ខ្សែបម្រើកណ្តាលរបស់ខ្លួន Camavinga ទៅឱ្យក្លិបណាទាំងអស់រួមទាំង Madrid ផងដែរ។ ប្រធានក្លិប Rennes មានបំណងចង់រក្សាកីឡាករសញ្ជាតិរូបនេះឱ្យស្នាក់នៅបន្តយ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ។
ដូច្នេះ ហើយទើបមានការរាយការណ៍ថា លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្លិប Madrid បានងាកមកចាប់អារម្មណ៍លើខ្សែបម្រើកណ្តាល Bennacer របស់ក្លិប Milan វិញម្តង។
ខ្សែបម្រើអន្តរជាតិសញ្ជាតិអាល់ហ្សេរីរូបនេះ ត្រូវបានក្លិប Milan ទិញមកពីក្លិប Empoli ក្នុងតម្លៃ១៦ លានផោន កាលពីរដូវក្តៅឆ្នាំមុន ដូច្នេះពួកគេអាចនឹងរកប្រាក់ចំណេញច្រើនប្រសិនបើព្រមលក់ឱ្យទៅក្លិបយក្សណាមួយក្នុងចំណោមបីនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia