មនុស្សយ៉ាងតិច១០នាក់បានស្លាប់ក្នុងការបាញ់ប្រហារកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បង្កឡើងដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ។ ពួកនេះបានបាញ់ប្រហារនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀន ស្ថិតនៅក្នុងរដ្ឋធានី Irapuato របស់ប្រទេសម៉ិកស៊ិក ។
តំបន់ Guanajuato នេះ ស្ថិតនៅភាគកណ្តាលរបស់ប្រទេសម៉ិកស៊ិក បានក្លាយជាចំណុចក្តៅបំផុត ផ្ទុះឡើងនូវអំពើហិង្សា បង្កដោយក្រុមអន្ធពាលជួញដូរគ្រឿងញៀន ហើយដែលលោកប្រធានាធិបតី Andres Manuel Lopez Obrador បានប្តេជ្ញាចិត្តថា នឹងបោសសម្អាតនោះ ។
ប៉ុន្តែបើទោះបីជាតំបន់នេះស្ថិតនៅក្នុងការចាក់សោ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩យ៉ាងណាក៏ដោយ ប៉ុន្តែការសម្លាប់មនុស្សនៅតែបន្តកើនឡើងហួសពីការថ្លែង ។
កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលនៅក្នុងតំបន់បានថ្លែងការណ៍មួយថា យោងតាមលទ្ធផលបឋម ឃាតកមិនស្គាល់អត្តសញ្ញាណ៣នាក់បានបាញ់ប្រហារទៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅតំបន់ប្រជុំជន Irapuato ដែលជាតំបន់ឧស្សាហកម្មមួយដ៏ល្បីល្បាញរបស់ម៉ិកស៊ិកនោះ ។
ជាមួយគ្នានេះដែរ ប៉ូលិសក៏កំពុងតែស៊ើបអង្កេត ចំពោះការសម្លាប់បុរសបីនាក់ ដែលត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយករណីផ្សេងទៀត កាលពីថ្ងៃទី៦ ខែមិថុនា ស្ថិតនៅក្នុងទីក្រុង Celaya ភាគអាគ្នេយ៍រដ្ឋ Irapuato របស់ម៉ិកស៊ិកនោះផងដែរ ។
មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ កាលពីមុនត្រូវបានកំណត់ជាគោលដៅរបស់ក្រុមក្មេងទំនើងអន្ធពាល ដែលកំពុងប្រឹងប្រែងធ្វើសង្គ្រាមគ្រប់គ្រងអាជីវកម្មគ្រឿងញៀនរបស់ពួកគេជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ យ៉ាងហោចណាស់មនុស្ស ១៤ នាក់ បានស្លាប់ និងរងរបួសជាច្រើននាក់ នៅក្នុងការវាយប្រហារដោយក្រុមក្មេងទំនើងអន្ធពាល ទៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយនៅភាគខាងជើងទីក្រុង Chihuahua ប្រទេសម៉ិកស៊ិក ៕ ប្រែសម្រួលដោយ៖ thach yat