នៅចុងសប្តាហ៍នេះ (៦ មិថុនា) បាតុកម្មផ្ទុះឡើងនៅពាសពេញពិភពលោក ទៅលើអ្វីដែលក្រុមបាតុករចាត់ទុកថា ជាការរើសអើងជាតិសាសន៍នៅក្នុងទឹកដីអាមេរិក «ប៉ូលិសស្បែកសយកជង្គត់សង្កត់កបុរសស្បែកខ្មៅស្លាប់» នោះ។ បាតុកម្មនៅពេលនេះ មិនត្រឹមតែនៅលើទឹកដីអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅអូស្ត្រាលី, អង់គ្លេស, បារាំង, កូរ៉េខាងត្បូង, ជប៉ុន ក៏ដូចជានៅអាល្លឺម៉ង់ផងដែរ ។
សូមរំលឹកថា បុរសឈ្មោះ George Floyd អាយុ៤៦ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានស្លាប់នៅពេលដែលត្រូវប៉ូលិសចាប់ខ្លួនក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ ការស្លាប់របស់បុរសស្បែកខ្មៅម្នាក់នេះ ដែលដៃជាប់ខ្នោះហើយថា លោកដកដង្ហើមមិនកើត ពេលប៉ូលិសស្បែកសយកជង្គង់សង្កត់កផ្ទប់នឹងដីជិត៩នាទីនោះ បាននាំឲ្យមានការតវ៉ានៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក ។
បាតុកម្មពីសំណាក់ប្រជាជនរាប់សែននាក់នៅអាមេរិកបានអូសបន្លាយពេលជាង១០ថ្ងៃមកហើយ មិនទាន់ឈប់នោះទេ ទោះបីបម្រាមគោចរនៅពេលយប់ ត្រូវបានអនុវត្ត ក៏ដូចជាច្បាប់ឃ្លាតឆ្ងាយសង្គមទប់ស្កាត់កូវីដ១៩យ៉ាងណាក៏ដោយ ។ បាតុកម្មពេលខ្លះផ្ទុះឡើងនូវអំពើហិង្សា និងលួចឆក់ប្លន់ទ្រព្យសម្បត្តិជាហូរហែ ធ្វើឲ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឈឺក្បាលក្រពុលមុខយ៉ាងខ្លាំង ហើយរហូតគំរាមដាក់ពង្រាយកម្លាំងទាហានដើម្បីបង្ក្រាបថែមទៀតផង ។
នៅទីក្រុង ស៊ីដនី ក៏ដូចទីក្រុងមួយចំនួនផ្សេងទៀតរបស់អូស្ត្រាលី កាលពីថ្ងៃទី៦ ខែមិថុនា ប្រជាជននៅទីនោះ បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារយុត្តិធម៌ ក៏ដូចជាប្រឆាំងការរើសអើងជាតិសាសន៍ ដែលប៉ូលិសស្បែកសអាមេរិកប្រព្រឹត្តទៅលើបុរសស្បែកខ្មៅ George Floyd នោះផងដែរ ។ ពួកគេលើកបដាក្នុងន័យអំពាវនាវបញ្ឈប់ការរើសអើងជាតិសាសន៍ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។
ដូចគ្នានេះដែរ នៅអង់គ្លេស ទីក្រុងឡុងដ៍ បាតុកររាប់ពាន់នាក់ដង្ហែក្បួនបាតុកម្ម ដែលកម្មវត្ថុគឺដូចគ្នាទៅនឹងបាតុកម្មនៅអូស្ត្រាលីផងដែរ ។ បាតុកម្មនៅអង់គ្លេសថ្កោលទោសទង្វើប្រកាន់ពូជសាសន៍នៅអាមេរិកនោះ ហើយថា វានឹងមិនកើតឡើងទៀតទេ នៅក្នុងពេលអនាគត ។
នៅប្រទេសបារាំងវិញ បាតុករបានលើកបដាសរសេរថា «ស្បែកខ្មៅមិនមែនជាឧក្រិដ្ឋជន»ទេ ។ «ប៉ូលិសរបស់យើងទេតើជាឃាតក»។ ក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា នៅទូទាំងប្រទេសបារាំងបាតុករប្រហែល ២៣ ០០០ នាក់ បានចូលរួមដង្ហែក្បួនកាលពីថ្ងៃទី៦ ខែមិថុនា ទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្បែកខ្មៅ George Floyd ដែលបានស្លាប់ក្រោមស្នាដៃរបស់ប៉ូលិសស្បែកស សហរដ្ឋអាមេរិក ។
ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ ក្រុមកីឡាករបាល់ទាត់មួយចំនួនបានសម្តែងកាយវិការប្រឆាំងចំពោះការរើសអើងជាតិសាសន៍នៅអាមេរិកនោះផងដែរ ។ ពួកគេបានលុតជង្គង់ជានិមិត្តសញ្ញា មុនពេលពួកគេចាប់ផ្តើមប្រកួត ៕ ប្រែសម្រួលដោយ៖ thach yat