រដ្ឋាភិបាលប្រទេសម៉ាលី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានសន្យាថា នឹងបើកការស៊ើបអង្កេតទៅលើដែលថា កងកម្លាំងទាហានបានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងភូមិឋានមួយ ដែលកំពុងផ្ទុះឡើងនូវជំម្លោះហិង្សា ។ ពលរដ្ឋក្នុងភូមិនោះបានត្អួញត្អែរទៅលើទង្វើរបស់យោធាប្រព្រឹត្តឡើងចំពោះពួកគេ ក៏ដូចជាបង្កឲ្យមានភាពតានតឹងនៅទូទាំងប្រទេសតំបន់អាហ្វ្រិកមួយនេះ ។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន France 24 កាលពីថ្ងៃទី៦ ខែមិថុនា បញ្ជាក់ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្សប្រហែល៣០នាក់ត្រូវបានសម្លាប់ ហើយភូមិមួយនៅក្នុងតំបន់ត្រូវដុតបំផ្លាញ ។ គេនៅមិនទាន់ដឹងថា ក្រុមណាមួយជាអ្នកនៅពីក្រោយខ្នងអំពើហិង្សានេះទេ ។
មន្ត្រីមួយរូបឈ្មោះ Tabital Pulaaku មកពីសមាគម Fulani បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ការវាយប្រហារនោះ កើតឡើងកាលពីថ្ងៃទី៥ ខែមិថុនា សំដៅទៅលើភូមិមួយឈ្មោះ Binedama ស្ថិតនៅតំបន់ Mopti ។ មនុស្ស២៩នាក់បានស្លាប់ បុរសជាប្រធានភូមិក៏ត្រូវសម្លាប់ផងដែរ។ សមាគមនេះក៏បានអំពាវនាវឲ្យស៊ើបអង្កេតឯករាជ្យមួយ ដឹកនាំដោយអង្គការសហប្រជាជាតិ ។
ប្រភពថា ពួកជនវាយប្រហារស្លៀកពាក់ឯកសណ្ឋានជាទាហានម៉ាលី ។ ពួកគេបានដុតអគារ លំនៅឋានពលរដ្ឋ និងសម្លាប់ជនស៊ីវិល រួមទាំងប្រធានភូមិ ។
ការវាយប្រហារនេះកើតឡើងចំពេលអសន្តិសុខមានការកើនឡើងនៅក្នុងប្រទេសម៉ាលី ។ ពលរដ្ឋមានការមិនពេញចិត្តចំពោះរដ្ឋាភិបាល ដោយសារតែកំណើនអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសនេះមកលើជនស៊ីវិល ។
អំពើហិង្សាវាយប្រហារបានកើតឡើងជាហូរហែនៅក្នុងតំបន់ដាច់ស្រយាល Sahel ។ គេនៅមិនទាន់ដឹងឡើយអ្នកដែលនៅពីក្រោយខ្នងអំពើវាយប្រហារទាំងនោះ ។
អ្នកខ្លះចោទប្រកាន់ថា ជាសកម្មភាពរបស់កងកម្លាំងយោធាម៉ាលីជាអ្នកប្រព្រឹត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ នោះគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ មិនទាន់ជាការពិតនៅឡើយទេ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី Ibrahim Dahirou Dembele បានប្រាប់ប្រភព AFP ផ្សាយថា «ចំពោះទង្វើនេះ ខ្ញុំមិនអាច បដិសេធន៍ ឬទទួលស្គាល់នោះឡើយ» ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការស៊ើបអង្កេតទៅលើកងកម្លាំងយោធា អាចនឹងកើតឡើងនៅសប្តាហ៍ក្រោយទៅលើការចោទប្រកាន់នេះ ។
គួរបញ្ជាក់ថា ម៉ាលីជាប្រទេសក្រីក្រមួយ មានពលរដ្ឋរស់នៅប្រហែល១៩លាននាក់ ។ ក្រុមឧទ្ទាមជីហាដនិយម បានកកើតឡើង និងអុកឡុកតាំងពីឆ្នាំ២០១២រៀងរហូតមក នៅពេលដែលក្រុមសកម្មប្រយុទ្ធអិស្លាមជ្រុលនិយមនេះ បានដឹកនាំឲ្យមានការបះបោរទាមទារផ្តាច់ខ្លួន ដែលដំបូងគេនោះ គឺក្រុមជនជាតិភាគតិច Tuareages ស្ថិតនៅតំបន់ភាគខាងជើងរបស់ប្រទេសម៉ាលី ។
ជម្លោះហិង្សាបានសម្លាប់ទាហានរាប់ពាន់នាក់ រួមជាមួយជនស៊ីវិលផងដែរមកទល់នឹងពេលបច្ចុប្បន្ននេះ ។ វាបានរាលដាលទៅដល់តំបន់ភាគកណ្តាលម៉ាលី និងប្រទេសជិតខាងដូចជា ប៉ូគីណាហ្វាសូ និងប្រទេស ណៃចឺ ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat