ភ្នំពេញ៖ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលករណីថ្មីនេះ កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ-បារាំងអាយុ៣០ ឆ្នាំដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា។ បុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅថ្ងៃទី៦ ខែមិថុនា។ បច្ចុប្បន្ន បុរសនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព-ខ្មែរសូវៀត។
ជាការសំគាល់ របស់ក្រសួងសុខាភិបាល លទ្ធផលវិភាគសំណាករបស់គាត់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ គឺអវិជ្ជមាន។ ប្រទេសដែលបុរសខាងលើនេះ បានធ្វើដំណើរ និងស្នាក់នៅរយៈពេល១៤ថ្ងៃចុងក្រោយ មុនមកដល់កម្ពុជាគឺ ប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង និងប្រទេសកូរ៉េ។
ជារួម មកដល់ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួនទាំងអស់ ១២៦នាក់។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត៕ ដោយ៖ ប៊ុនធឿន