នៅក្នុងប្រទេសឥណ្ឌាអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល២៤ម៉ោងសោះ ឆ្លងជិត១ម៉ឺនករណី ។ គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសឥណ្ឌាមានអ្នកឆ្លងសរុប ២៤៦ ៦២២ នាក់ ខណៈនៅជុំវិញពិភពលោកឆ្លងជាង ៦,៩ លាននាក់ ។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មានBBC កាលពីថ្ងៃទី៦ ខែមិថុនា បញ្ជាក់ថា ឥណ្ឌាក្លាយជាប្រទេសទី៦នៅលើពិភពលោកដែលឆ្លងកូវីដ១៩ជាងគេ គឺវ៉ាដាច់ប្រទេសអ៊ីតាលីដែលឆ្លងខ្លាំងនាពេលកន្លងមកនោះទៅទៀត ។ ឥណ្ឌាមានអ្នកជំងឺកូវីដ១៩បាត់បង់ជីវិតកើនឡើង ៦ ៦៤៩ នាក់ហើយ ខណៈនៅជុំវិញពិភពលោក ស្លាប់កើនដល់ ៤០១ ៦០៧ នាក់ ។
ប្រភពគេហទំព័រ Worldometers បានផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា វីរុសកូវីដ១៩ មកដល់ពេលបច្ចុប្បន្ននេះ ឆ្លងលើមនុស្សសរុបជុំវិញពិភពលោក ៦ ៩៦៦ ៤៩៥ នាក់ ។ ប៉ុន្តែក្នុងចំណោមទាំងនោះជាង៣,៤លាននាក់បានជាសះស្បើយផងដែរ ។ អាមេរិកឆ្លងកូវីដ១៩ច្រើនបំផុត ជាង១,៩ លាននាក់, ប្រេស៊ីល ឆ្លង ៦៧៣ ៥៨៧នាក់, រុស្ស៊ី ឆ្លង ៤៥៨ ៦៨៩ នាក់, អេស្ប៉ាញ ឆ្លង២៨៨ ៣៩០ នាក់, អង់គ្លេស ឆ្លង ២៨៤ ៨៦៨ នាក់ ឥណ្ឌា ២៤៦ ៦២២នាក់… ។
សូមជម្រាបជូនថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19) ផ្ទុះឡើងដំបូងគេនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ តាមការផ្សាយរបស់ប្រភព Wikipedia អះអាងថា វីរុសនេះឆ្លងរាតត្បាតដល់ដែនដី និងប្រទេស២៩៩ជុំវិញពិភពលោក ។ អង្គការសុខភាពពិភពលោក ឬ WHO មិនទាន់បញ្ជាក់ផ្លូវការណាមួយថា វីរុសកូវីដ១៩នេះ មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat