ខ្សែប្រយុទ្ធ Harry Kane ថាខ្លួនគេកំពុងតែផ្តោតអារម្មណ៍លើការប្រកួតដែលនៅសេសសល់ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ហើយរូបគេសង្ឃឹមថានឹងអាចជួយឱ្យក្លិប Tottenham Hotspur មានភាពប្រសើរឡើងវិញ។
បច្ចុប្បន្ន ក្លិប Tottenham កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ហើយប្រសិនបើក្រោយបញ្ចប់រដូវកាលខាងមុខ ក្លិបនៅតែស្ថិតក្នុងចំណាត់បែបនេះទៀត ចឹងមានន័យថា ពួកគេនឹងមិនអាចលេងពានរង្វាន់អ្វីផ្សេងទៀត ក្រៅតែពីលេងពានរង្វាន់មួយនេះឡើយ ដោយក្នុងនោះមានដូចជា Champions League និង FA Cup ជាដើម។
យ៉ាងណាក៏ដោយ កីឡាករ Kane បាននិយាយពីការប្តេជ្ញាចិត្តរបស់ខ្លួនប្រាប់ទូរទស្សន៍ Sky Sports កាលពីថ្ងៃសុក្រថា៖ “ក្រុមរបស់យើងនៅមានការប្រកួតចំនួន៩ទៀត ដើម្បីសន្សំយកពិន្ទុក្នុងការឈានជើងទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ ដូច្នេះ ខ្ញុំនឹងផ្តោតលើការហ្វឹកជាមួយក្រុមឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន សម្រាប់ត្រៀមលេងការប្រកួតទាំង៩នេះ ហើយវាពិតជាសំខាន់ណាស់សម្រាប់ពួកយើង”។
បច្ចុប្បន្ន ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិអង់គ្លេសរូបនេះ រកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់ហើយ ពីការបង្ហាញខ្លួនសរុបចំនួន២០ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore