កូរ៉េគ្រោងនាំចូលម៉ូតូសាកថ្ម សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកទប់ស្កាត់ លើផលប៉ះពាល់បរិស្ថាន
អ្នកវិនិយោគប្រទេសកូរ៉េ មានគម្រោងនាំចូលម៉ូតូសាកថ្ម ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកទប់ស្កាត់ លើផលប៉ះពាល់ផ្នែកបរិស្ថាន។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Daehan Group របស់ប្រទេសកូរ៉េ លោក Lee JaeHoo បាន បង្ហាញពីគម្រោងនាំចូល និងគ្រោងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាក នៅតាមស្ថានីយ៍ ដើម្បីជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។
គម្រោងនេះត្រូវបានប្រកាសឡើង នៅក្នុងជំនួបមួយ រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ជាមួយនឹងប្រធានក្រុមហ៊ុនDaehan Group លោក Lee JaeHoo។
បើតាម លោក Lee JaeHoo បានលើកឡើងថា គម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Ele-ctric Vehicle) គឺអាចប្រើប្រាស់សម្រាប់ធ្វើដំណើរ បានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ និងអាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នាផងដែរ លោកលោក Lee JaeHoo កំពុងស្នើសុំអនុសាសន៍ និង ការគាំទ្រពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មុននឹងធ្វើការនាំចូល និងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានផ្ដល់ការគាំទ្រចំពោះគម្រោង និងបានស្នើឲ្យក្រុមហ៊ុនផ្ដោតសំខាន់ លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ នៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់អ្នកទេសចរណ៍ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ឆ្លើយតបនិងគម្រោងនេះផងដែរ កម្ពុជាបានធ្វើការជំរុញលើកទឹកចិត្ត ឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោងរបស់ខ្លួន ឲ្យបានច្បាស់លាស់សិន មុនសម្រេចធ្វើការនាំចូលដាក់ឱ្យដំណើរការជាផ្លូវ ការ៕ ដោយ៖ ឃួន លក្ខិណា