ក្រោយពេលប៉ូលិសរឹបអូសសារជាតិញៀន មេតំហ្វេតាមីន មានទម្ងន់៧៥៦គីឡូក្រាមនោះមក លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានបន្ដគំរាមសម្លាប់ដល់ បណ្ដា ឈ្មួញណាពាក់ព័ន្ធ ហើយលោកសន្យាថា នឹងធ្វើឲ្យប្រទេសអាស៊ានមួយនេះ មិនមែនជាចំណុចឆ្លងកាត់ ឬដឹកជញ្ជូនថ្នាំញៀននោះឡើយ។
បើយោងតាមសារព័ត៌មាន The Jakatar Post បានផ្សាយថា ហ្វីលីពីនធ្លាប់ជាទីផ្សារថ្នាំញៀន ហើយថ្នាំញៀនមេតំហ្វេតាមីន (ប្រភេទទឹកកក) ត្រូវប៉ូលិសរឹបអូសបាន មានតម្លៃ រហូត៥,១ពាន់លានប៉េសូ (លុយហ្វីលីពីន Pesos ) ឬស្មើនឹង ១០២,២២លានដុល្លារអាមេរិក។ នេះជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុតមួយ ចាប់តាំងពីលោក Duterte ប្រកាសសង្រ្គាមយ៉ាងបង្ហូរឈាម ប្រឆាំងនឹងគ្រឿងញៀន ខណ:លោកឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន នៅអំឡុងឆ្នាំ២០១៦។
លោក Duterte បានថ្លែងថា បើផ្អែកខាងលើគ្រឿងញៀននេះ ប្រសិបើអ្នកបំផ្លាញប្រទេសរបស់ខ្ញុំ ដោយសារការចែកចាយថ្នាំញៀន មានតម្លៃ ជាង១០០លានដុល្លារនោះ ខ្ញុំនឹងសម្លាប់អ្នកចោល។ ហ្វីលីពីននឹងមិនអាចឲ្យអ្នកនិយាយថា ជាមជ្ឈមណ្ឌលចែកចាយថ្នាំញៀន សម្រាប់ក្រុមសង្គមងងឹតនោះឡើយ។
អង្គការសហប្រជាជាតិ បានសរសេរ នៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា មនុស្សជាច្រើនម៉ឺននាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន នៅប្រទេសហ្វីលីពីន។ នេះជាការនាំឲ្យមានរបបនិទ្ទណ្ឌភាព សម្រាប់ប៉ូលិស និងការជំរុញឲ្យមានអំពើហិង្សា បង្កឡើងដោយមន្រ្ដីជាន់ខ្ពស់។ ដោយឡែកទិន្នន័យរបស់រដ្ឋាភិបាលវិញ បានដាក់ចំនួនជនសង័្សយជាឈ្មួញ និងអ្នកប្រើប្រាស់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្ដិការប្រឆាំងនឹងគ្រឿងញៀនរបស់ប៉ូលិស ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ រហូតមក មានត្រឹមតែ៥ ៦០០នាក់តែប៉ុណ្ណោះ។
ក្រុមអង្គការសិទ្ធិមនុស្ស បានថ្លែងថា ប៉ូលិសបានបាញ់សម្លាប់ជនសង័្សយឆៅៗ នៅក្រៅប្រព័ន្ធតុលាការ។ ប៉ុន្ដែប៉ូលិសបានបដិសេធថា ពួកគេធ្វើសកម្មភាពបែបនេះ ក្នុងន័យការពារខ្លួន ខណ:ជនសង័្សយតដៃពេលចាប់ខ្លួន។
ទោះជាយ៉ាងណា ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក Duterte បានច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិ ដោយអះអាងថា ការចោទប្រកាន់នេះ មិនត្រឹមត្រូវ និងមិនមានភស្ដុតាង៕ ប្រែសម្រួល ដោយ Nuon