គោលដៅរបស់ក្លិប Barcelona ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Loren Moron ត្រូវបានរលាយដូចអំបិលត្រូវថ្ងៃ ដោយសារខ្សែប្រយុទ្ធរូបនេះ សម្រេចបន្តកុងត្រាថ្មីជាមួយក្លិប Real Betis រយៈពេល៤ឆ្នាំទៀត។ នេះបើយោងតាមការប្រកាសជាផ្លូវការចេញពីក្លិប Real Betis។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិប Barcelona ចាត់ទុកជាគោលដៅក្នុងការផ្លាស់មកចូលរួមក្នុងក្រុមនៅរដូវក្តៅដោយគ្មានតម្លៃខ្លួនផ្ទេរ នៅពេលផុតកុងត្រាជាមួយក្លិប Real Betis ក្រោយបញ្ចប់រដូវកាលនេះ។ យ៉ាងណាក៏ដោយពេលនេះ រូបគេបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិប Betis រួចជាស្រេចហើយ ដោយភាគីទាំងសងខាងព្រមព្រៀងគ្នាលើកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤។
កីឡាករ Moron ត្រូវបានលោក Quique Setien អ្នកចាត់ការទូទៅក្លិប Barca គ្រោងចុះហត្ថលេខាដើម្បីយកមកជួយសម្រួលដល់ប្រព័ន្ធប្រយុទ្ធរបស់លោក ដែលបច្ចុប្បន្នមានកីឡាករ Luis Suarez, Martin Braithwaite និង Ousmane Dembele ជាខ្សែប្រយុទ្ធគោល។
សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Moron រកគ្រាប់បាល់បញ្ចូលទីបាន៩គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៦ប្រកួតក្នុងក្របខណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore