បើចង់ជោគជ័យ! អ្នកត្រូវតែធ្វើដូចនេះពេលមានអារម្មណ៍ច្រណែនអ្នកដទៃនៅកន្លែងការងារ
អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ហើយនៅពេលដែលឃើញមិត្តរួមការងាររបស់អ្នកសម្រេចបាននូវភាពជោគជ័យអ្វីមួយ និងគិតដោយខ្លួនឯងថា «ខ្ញុំក៏មានសមត្ថភាពប្រហាក់ប្រហែលគេដែរ តែហេតុអ្វីបានជាគេមានឱកាសច្រើនជាងខ្ញុំ?»។ គំនិតចាត់ទុកខ្លួនជាជនរងគ្រោះនេះនឹងនៅជាប់អ្នកអស់ពេលជាយូរ និងអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នក ព្រមទាំងលទ្ធផលការងារផងដែរ។
ទោះជាវាជារឿងគួរឲ្យខ្មាសអៀនដែលមនុស្សភាគច្រើនមិនហ៊ានទទួលស្គាល់ពិតមែនក្តី អ្នកត្រូវដឹងថាវាជារឿងធម្មតាដែលកើតមានឡើងលើមនុស្សស្ទើរតែគ្រប់គ្នាទៅហើយ។ ប៉ុន្តែអ្វីដែលបែងចែកមនុស្សដែលជោគជ័យ និងមនុស្សដែលបរាជ័យនោះគឺការឆ្លើយតបទៅនឹងស្ថានការទាំងនេះ។
ខាងក្រោមគឺជាអ្វីដែលអ្នកត្រូវធ្វើពេលដែលអ្នកមានអារម្មណ៍ថាច្រណែនមិត្តរួមការងារដទៃនៅកន្លែងធ្វើការ៖
១. វាយតម្លៃ
ព្យាយាមរក្សាអារម្មណ៍ឲ្យស្ងប់មុននឹងវិភាគលើការងាររបស់អ្នកដែលអ្នកមានអារម្មណ៍ច្រណែនលើ។ ប៉ុន្តែអ្នកមិនត្រូវមើលលើការងាររបស់ពួកគេក្នុងនាមជាដៃគូប្រកួតប្រជែងឡើយ តែជាមិត្តរួមការងារទូទៅដើម្បីដឹងថាវាពិតជាល្អមែនឬទេ ហើយតើអ្នកអាចរៀនសូត្រអ្វីខ្លះបានពីមនុស្សម្នាក់នោះ?
មានពេលខ្លះទៀត មនុស្សមានសំណាងល្អទើបអាចសម្រេចបាននូវការជោគជ័យទាំងនោះ ប៉ុន្តែប្រសិនបើអ្នកដទៃឆ្លើយតបដោយវិជ្ជមាន ខណៈដែលអ្នកបង្ហាញនូវភាពអវិជ្ជមានវិញនោះ វាអាចជាមុខសញ្ញាបង្ហាញថាអ្នកកំពុងតែអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកជះឥទ្ធិពលលើការវាយតម្លៃរបស់អ្នកហើយ។
២. យល់ពីរឿងផ្សេងៗនៅពីក្រោយកិច្ចការទាំងនោះ
មនុស្សម្នាក់ៗមាននូវរឿងដែលអ្នកដទៃមើលមិនឃើញ ដូចជាការឆ្លងកាត់នូវឧបសគ្គជាច្រើន និងការបរាជ័យម្តងហើយម្តងទៀតមុននឹងសម្រេចបាននូវអ្វីដែលអ្នកមើលឃើញជាដើម។ ប្រាកដណាស់ មនុស្សមួយចំនួនដែលអ្នកច្រណែនអាចមកពីក្រុមគ្រួសារអ្នកមាន ឬស្គាល់មនុស្សជិតស្និទ្ធក្នុងស្ថាប័នការងាររបស់អ្នកពិតមែន ប៉ុន្តែការព្យាយាមយល់ដឹងបន្ថែមពីពួកគេអាចនឹងធ្វើឲ្យអ្នកជួបការលំបាកក្នុងការច្រណែននឹងពួកគេ។
៣. ចែករំលែកភាពជោគជ័យរបស់ពួកគេ
វាអាចជាអ្វីដែលពិបាកជាងគេក្នុងការធ្វើ ប៉ុន្តែវាក៏មានសារៈសំខាន់ជាងគេដែរ។ រាល់ពេលដែលអ្នកមានអារម្មណ៍ច្រណែន អ្នកគួរតែអបពរសាទរអ្នកទាំងនោះ និងចែករំលែកដំណឹងល្អនេះជាមួយអ្នកដទៃព្រោះអ្នកមិនគួរបង្ហាញឲ្យឃើញច្បាស់ៗថាអ្នកកំពុងតែច្រណែនអ្នកទាំងនោះទេ៕ (យោងតាមប្រភពពីwww.businessinsider.com) ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព