មួយរាត្រីដ៏សែនអាក្រក់បានលងបន្លាចខ្ញុំឱ្យក្លាយជាបាក់ស្បាតព្រឺព្រួចរហូតអស់មួយជីវិត។ កំហុសគ្រប់យ៉ាង អាចបន្ទោសថាមកពីកំហុសរបស់អ្នកម៉ាក់ដែលមានទម្លាប់ពូកែខាងអួតទ្រព្យសម្បត្តិឱ្យគេឃើញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់។ គ្រប់យ៉ាងកើតឡើងកាលពីថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2017។
ម៉ាក់ខ្ញុំ គឺជាអ្នកមានទ្រព្យស្ដុកស្ដមម្នាក់ដ៏ល្បីល្បាញនៅក្នុងខេត្តមណ្ឌលគិរី។ តាមពិតទៅទ្រព្យសម្បត្តិរបស់គាត់មិនច្រើនដូចអ្វីដែលគាត់បានបង្ហាញប្រាប់គេឯងនៅក្នុងបណ្ដាញសង្គមនោះទេ។ គាត់តែងតែអួតប្រាប់គេថា គាត់គឺជាថៅកែលក់គ្រឿងអលង្ការមួយកន្លែងហើយក៏តែងតែជួលមនុស្សជាច្រើនឱ្យមកធ្វើជានាំគ្នាទិញគ្រឿងអលង្ការពីហាងរបស់គាត់, តែតាមការពិតគាត់គឺជាថៅកែកាស៊ីណូមួយកន្លែង។
គាត់រកលុយបានសព្វថ្ងៃ គឺមកពីកាស៊ីណូ មិនមែនមកពីខាងលក់គ្រឿងអលង្ការដែលគាត់បើកទុកចោលនោះទេ។ មិនច្រើនណាស់ណាទេ ប៉ុន្តែអាចនិយាយបានថាជាអ្នកមានម្នាក់។ តែឯកជនភាពរបស់គាត់ គឺត្រូវលាក់បាំងជាសម្ងាត់។ យ៉ាងណាក៏មានភាពវិជ្ជមានអំពីគាត់ជាច្រើន។ គាត់តែងតែដើរចែកទ្រព្យដល់អ្នកលក់លាសហាល អ្នកលក់ចេកអាំង អ្នកក្រតាមផ្លូវថ្នល់ តែសម្រាប់ខ្ញុំមើលទៅវាគ្រាន់តែជាឆាកល្ខោនមួយដើម្បីលម្អខ្លួនឯងតែប៉ុណ្ណោះ។ ប្រសិនបើទូរសព្ទអស់ថ្មក៏គាត់មិនអាចធ្វើសប្បុរសធម៌បានដែរ។ រូបភាពសម្រាប់អួតគេគឺវាសំខាន់ជាងការធ្វើបុណ្យចេញពីចិត្តពិតៗ។ តែយ៉ាងណា ក៏មិនមែនជាកំហុសរបស់គាត់ដែរ ពីព្រោះគាត់ត្រូវការកេរ្តិ៍ឈ្មោះរបស់គាត់ ហើយសំខាន់គាត់មិនបានទៅលួចឆក់ប្លន់លុយអ្នកណាយកមកធ្វើបុណ្យឡើយ។ តែខ្ញុំបានសង្ស័យថា គាត់បានធ្វើអ្វីខុសអ្វីម្យ៉ាងហើយគាត់ព្យាយាមលម្អកេរ្តិ៍ឈ្មោះរបស់គាត់ ព្រោះថ្ងៃណាមួយ គាត់នឹងមានអ្នកការពារជាច្រើន។
គាត់មិនងាយបញ្ចេញមុខបងប្អូនកូនក្មួយរបស់គាត់ឡើយ ដោយសារគាត់បារម្ភពីសុវត្ថិភាពជាពិសេស គឺខ្ញុំដែលជាកូនតែមួយគត់របស់គាត់។ ខ្ញុំអាយុ 16 ឆ្នាំហើយ។ ដូចដែលខ្ញុំបាននិយាយអញ្ចឹង, ម៉ាក់របស់ខ្ញុំមិនមែនជាមហាសេដ្ឋីមហិមានោះទេ។ ដូច្នេះជីវិតរបស់ខ្ញុំគឺសាមញ្ញបំផុត ផ្ទុយពីជីវិតក្នុងបណ្ដាញសង្គមរបស់គាត់ដែលរស់នៅហាក់ដូចជាមហាសេដ្ឋីវាល់លាន ទៅណាមកណាតែងតែមានអ្នកបម្រើទៅតាម តែតាមការពិតបំណុលដែលគាត់បានជំពាក់គេដើម្បីបើកកាស៊ីណូនោះ ក៏មិនទាន់លស់អស់នៅឡើយ។
ខ្ញុំចូលចិត្តភាពសាមញ្ញ ហើយខ្ញុំតែងតែគិតថានៅពេលដែលខ្ញុំធំឡើង ខ្ញុំមិនដើរតាមគន្លងរបស់ម៉ាក់ទេ។
ខ្ញុំមានមិត្តភក្តិជាច្រើននៅសាលារដ្ឋ។ ពួកគេរាប់អានដោយទឹកចិត្តពិតមិនមែនសម្លឹងឃើញលុយដែលម៉ាក់ខ្ញុំចេះតែអួតនោះឡើយ។ ខ្ញុំអាចទុកចិត្តពួកគេបាន។
ភាពងប់ងល់នឹងកេរ្តិ៍ឈ្មោះ និងរវល់អំពីការងារជាច្រើនរបស់គាត់ផងទើបទំនាក់ទំនងម៉ាក់កូនយើង មានភាពឃ្លាតឆ្ងាយគ្នា រហូតថ្ងៃខ្លះមិនបានបរិភោគបាយជុំគ្នាក៏មាន។
មានល្ងាចមួយមេឃភ្លៀងខ្លាំងណាស់។ ខ្ញុំមិនអាចទៅផ្ទះទាំងភ្លៀងបានឡើយព្រោះខ្ញុំអាចនឹងផ្ដាសាយ។ ហើយប្រសិនបើខ្ញុំផ្ដាសាយម្ដង មិនមែនឆាប់ជាវិញដូចគេនោះទេ ព្រោះសុខភាពរបស់ខ្ញុំខ្សោយពីសុខភាពរបស់ក្មេងជំទង់ទូទៅខ្លាំងណាស់។ សិស្សទាំងអស់ក៏នាំគ្នាទៅផ្ទះទាំងភ្លៀង ខ្លះពាក់អាវភ្លៀងដើម្បីការពារទឹក ឯមួយចំនួនតូចនៅរង់ចាំភ្លៀងរាំងក្នុងសាលា។ មួយម៉ោងកន្លងផុតទៅ, នៅសល់តែម៉ូតូ Scoopy I របស់ខ្ញុំមួយគត់ដែលចតចោលហាលភ្លៀង។ សិស្សដទៃគេទៅផ្ទះអស់ហើយព្រោះមេឃក៏ចាប់ផ្ដើមងងឹតទៅហើយដែរ។ ភ្លៀងនៅបន្តហូរធ្លាក់ឥតឈប់។ ខ្ញុំអន់ចិត្តខ្លាំងណាស់ដែលខ្ញុំមិនទាន់ទៅផ្ទះថ្មើរនេះទៅហើយម៉ាក់នៅតែមិនព្រួយបារម្ភឬចេញមកទទួលខ្ញុំទៀត។ ខ្ញុំមិនជឿថាម៉ាក់មិនបារម្ភពីខ្ញុំទេ ប្រហែលជាគាត់បានទៅស្រុកឬខេត្តផ្សេងដើម្បីយកអំណោយទៅចែក និងថតអួតគេទៀតហើយទើបបានជាគាត់មិនយកឡានមកទទួលខ្ញុំ។ ខ្ញុំសម្លឹងមើលទឹកភ្លៀងដែលពេលនេះមេឃចាប់ផ្ដើមងងឹតខ្លាំង ហើយខ្ញុំចាប់ផ្ដើមមានភាពភ័យខ្លាច។ តែរំពេចនោះ, មានរថយន្តខ្មៅមួយបានឈប់មុខសាលា ហើយបុរសស្លៀកពាក់ខ្មៅម្នាក់បានដើរចេញមកតម្រង់មករកខ្ញុំ។ ប្រាកដជាម៉ាក់បានពឹងឱ្យមិត្តភកិ្តរបស់គាត់មកយកខ្ញុំហើយ។ បុរសស្លៀកពាក់ខ្មៅនោះបើកឆ័ត្រ ហើយដើរមកខ្ញុំរួចសួរថា,
«មេឃងងឹតទៅហើយ កំពុងរង់ចាំអ្នកណា?»
ខ្ញុំមើលទៅមុខគាត់ រួចក៏ឆ្លើយតបទៅវិញថា ចាំម៉ាក់មកយក។
គាត់ញញឹមហើយចាប់ស្មាខ្ញុំ។
រួចគាត់ក៏និយាយថា មិនអីទេទៅជាមួយពូ ផ្ទះរបស់ពូក៏នៅតាមផ្លូវផ្ទះរបស់ក្មួយដែរ។
ខ្ញុំរីករាយ តែក៏មានអារម្មណ៍អសុវត្ថិភាពមួយរំពេចដែរ។
ចុះប្រសិនបើគាត់មិននាំខ្ញុំទៅផ្ទះរបស់គាត់ តើនឹងមានរឿងអ្វីកើតឡើង?
ខ្ញុំក៏សួរទៅគាត់វិញថា ពូស្គាល់ផ្ទះខ្ញុំដែរឬ?
គាត់ក៏តបដោយមិនសម្លឹងមកខ្ញុំថា ផ្ទះរបស់ក្មួយឯងកន្លែងលក់គ្រឿងអលង្ការមែនទេ?
ខ្ញុំងក់ក្បាលដោយរីករាយហើយក៏ព្រមដែរទៅរថយន្តជាមួយគាត់។
នៅក្នុងរថយន្តនោះមានបុរសម្នាក់ផ្សេងទៀតមុខមាត់គួរឱ្យខ្លាច ខ្លួនសុទ្ធតែសាក់ និងស្លាកស្នាម ហើយគ្រាន់តែខ្ញុំចូលទៅបិទទ្វារភ្លាមបុរសម្នាក់នោះក៏ចាប់ខ្ញុំចងដៃមួយរំពេច។ ខ្ញុំស្រែកបង្គាប់ឱ្យគាត់លែងវិញ តែសំឡេងស្រែកដ៏កម្សត់របស់ខ្ញុំហាក់ដូចជាមិនអង្រួនចិត្តបុរសកំណាចម្នាក់នេះសោះ។ គាត់បានវាយខ្ញុំមួយដៃត្រង់ពោះ ហើយបុរសបើកឡានក៏ស្រែកហាមថា កុំវ៉ៃវាខ្លាំងពេកប្រយ័ត្នងាប់កូនគេ។
ខ្ញុំឈឺចាប់ក៏យំ។ ទឹកភ្នែកហូរស្រក់ចុះមកមួយរំពេជ តែគ្មាននរណាខ្វល់ទៀតទេ។ ម៉ាក់អើយ តើពេលនេះម៉ាក់នៅទីណា? មានដឹងទេថាកូនត្រូវគេចាប់ជំរិតហើយ។
ខ្ញុំដឹងច្បាស់ណាស់ ថាពីរនាក់នេះជាចោរចាប់ជំរិត ព្រោះគ្មានហេតុផលពាមួយដែលពួកគេចាប់ចង និងវ៉ៃខ្ញុំបែបនេះទេ ហើយរឹតតែមិនអាចថាជាករណីមនុស្សស៊ីសាច់មនុស្សដែរ ព្រោះបុរសបើកឡានមិនអនុញ្ញាតិឱ្យបុរសម្នាក់នេះវ៉ៃខ្ញុំដល់ស្លាប់នោះទេ។
រថយន្តបន្តបើកយ៉ាងលឿនកាត់ទឹកភ្លៀងដែលបន្តធ្លាក់ចុះមកចង់បាក់មេឃ។
នៅតាមកញ្ចក់ឡានខ្ញុំមើលមិនឃើញផ្លូវទេបែបនេះហើយទើបមិនដឹងថាមកដល់ទីណាឡើយ។ បរិយាកាសជុំវិញងងឹតសូន្យសុង ឮតែសំឡេងទឹកភ្លៀងដែលស្រក់ចំរថយន្តកំពុងបរទៅមុខយ៉ាងលឿននេះ។ មួយសន្ទុះក្រោយមក រថយន្តក៏បត់ឆ្វេងចូលតាមផ្លូវដី ហើយខ្ញុំអាចឃើញជុំវិញនេះសុទ្ធតែព្រៃ និងផ្លូវក្រួសក្រហមតូច ព្រោះដើមឈើធំៗបានទប់ទឹកភ្លៀងមួយចំនួន។ បរចូលកាន់តែជ្រៅរហូតមកដល់អគារតូចមួយនៅកណ្ដាលព្រៃដែលហាក់ដូចជាមិនមាននរណាមកនៅទាល់តែសោះអស់ជាច្រើនឆ្នាំទើបបានជាអគារផ្ទះមួយខ្នងនេះចាស់ទ្រុធទ្រោម និងស្មៅដុះជុំជិតយ៉ាងនេះ។ ពួកវាបានបើកទ្វារឡានហើយចេញមកក្រៅ ដោយចាប់ទាញខ្ញុំចេញមកដែរ។ នៅទីនេះ ងងឹត និងគួរឱ្យខ្លាចខ្លាំងណាស់។ វាបាននាំខ្ញុំចូលមកក្នុងអគារនេះ ហើយខ្ញុំឃើញថា ក្នុងនេះគឺទទេ មានតែតុឈើចាស់មួយប៉ុណ្ណោះ រីឯជញ្ជាំងឡើងចាស់ដុះស្លែ និងវល្លិ៍ព័ត្រពាសពេញ។ ពួកវាយកខ្សែក្រណាត់មកចងដៃខ្ញុំភ្ជាប់នឹងចំរឹងដែកបង្អួចនៃអគារនោះ ហើយក៏ដើរចេញទៅក្រៅ។ ខ្ញុំឮវានិយាយប្រកែកគ្នាអំពីអ្វីម្យ៉ាងហើយមួយសន្ទុះក្រោយមកក៏បញ្ឆេះឡានជិះចេញទៅបាត់។ គ្រប់យ៉ាងគ្របដណ្ដប់ទៅដោយភាពស្ងាត់ឈឹងក្រៅតែពីសំឡេងចង្រឹតយំ និងសំឡេងឆ្កែលូពីចម្ងាយនាំឱ្យអារម្មណ៍ព្រឺឆ្អឹងខ្នងយ៉ាងចម្លែក។ ខ្ញុំស្រណោះខ្លួនណាស់ តាំងពីកើតមកដល់ពេលនេះ មិនដែលលំបាកខ្លួនដល់ម្លឹងឡើយ។ នេះគ្រប់យ៉ាងដោយសារតែការអួតហួសព្រំដែនរបស់ម៉ាក់ខ្ញុំតែប៉ុណ្ណោះ។
រវល់តែគិតកម្សត់ខ្លួនយ៉ាងលន្លង់លន្លោច ខ្ញុំស្រាប់តែឮសំឡេងសម្រឹបជើងដើរជាន់ស្លឹកឈើពីចម្ងាយ តម្រង់មកទីនេះ។ ដំបូងក៏រីករាយធូរចិត្តបន្តិចដែលពួកចាប់ជំរឹតនោះវាត្រឡប់មកវិញ ព្រោះបានពួកវាជាគ្នាមិនសូវខ្លាច តែកូនចិត្តមួយ ស្រាប់តែផុសឡើងគួរឱ្យព្រួយបារម្ភថា ចុះបើអ្នកដែលកំពុងតែដើរនេះមិនមែនជាពីរនាក់នោះ? ព្រោះមិនទាន់ឮសំឡេងឡានត្រឡប់មកវិញនៅឡើយទេដូច្នេះសំឡេងសម្រឹបជើងដែលកំពុងតែដើរតម្រង់មកនេះ មិនប្រាកដថាជានរណាឡើយ។ ខ្ញុំកើតចិត្តព្រួយភ្លាមមួយរំពេច។ តែពេលនេះ គ្រប់យ៉ាងស្រាប់តែស្ងាត់ឈឹងឮតែសំឡេងទឹកភ្លៀង និងចង្រិតយំ។ ភាពស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែឮសំឡេងទារកស្រែកយំពីចម្ងាយយ៉ាងគួរឱ្យព្រឺក្បាល។
មួយសន្ទុះសំឡេងទារកនោះក៏បាត់ទៅ តែខ្ញុំមានអារម្មណ៍ថាមានខ្យល់ត្រជាក់ស្រេបមកប៉ះកញ្ចឹងករបស់ខ្ញុំ។ ខ្ញុំភ័យ ហើយប្រឹងបិទភ្នែក ខ្លាចឃើញនូវអ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំស្លុត។ តែខ្ញុំស្រាប់តែដឹងថា មានទឹកខាប់ៗ ស្រក់មកប៉ះក និងហូរចុះតាមខ្នងរបស់ខ្ញុំ។ ខ្ញុំក៏បើកភ្នែក ហើយងើបមុខងើយមើលទៅលើ។
ខ្ញុំស្ទើរតែគាំងបេះដូង នៅពេលដែលអ្វីដែលខ្ញុំកំពុងតែឃើញ គឺជាស្ត្រីម្នាក់សក់ក្បាលធំស្លៀកពាក់ខ្មៅដាច់ដៃដាច់ជើងកំពុងសម្លឹងមករកខ្ញុំពីលើពីដានអគារនេះ ហើយនាងកំពុងតែញញឹមបង្ហាញធ្មេញស្រួចជាច្រើន។ ភ្លាមនោះនាងស្រាប់តែហក់មករកខ្ញុំសង្គ្រប់ពីលើបណ្ដាលឱ្យខ្ញុំដួលទៅលើដីបោកក្បាលទៅនឹងថ្មស៊ីម៉ង់ត៍សន្លប់ភ្លាមៗមួយរំពេជ។
ស្អែកឡើង ខ្ញុំត្រូវបានគេសង្គ្រោះ ខ្ញុំឃើញម៉ាក់ឆ្លេឆ្លាដោយបារម្ភ និងមនុស្សម្នាជាច្រើននាក់នៅជុំវិញខ្ញុំ។ ខ្ញុំខ្សោះក្នុងខ្លួន គ្មានកម្លាំងសូម្បីតែងើបអង្គុយ។ នៅរាត្រីនោះក្រោយពីពួកពីរនាក់នោះបានទាក់ទងទៅជំរិតទារប្រាក់ពីម្ដាយរបស់ខ្ញុំ ម៉ាក់របស់ខ្ញុំក៏បានទាក់ទងទៅនគរបាលភ្លាមៗ តែពួកវាដឹងខ្លួនមិនទាន់ក៏នាំគ្នារត់ប្រាស់អាយ៉ូស ហើយទម្រាំតែគេរកខ្ញុំឃើញ គឺស្ទើរតែចិត្តព្រឹកទៅហើយ។ មានគេប្រាប់មកថា, ផ្ទះកណ្ដាលព្រៃនោះ ធ្លាប់មានប្រវត្តិគេធ្វើករណីឃាតកម្ម ហើយយកសាកសពស្ត្រីពោះធំម្នាក់ទៅចោលនៅទីនោះ ដោយមិនបានធ្វើបុណ្យ ទើបព្រលឹងនៅវិលវល់រង់ចាំបន្លាចនៅណាដែលចូលក្នុងផ្ទះនេះ ទាំងថ្ងៃទាំងយប់។
ក្រោយមក, ម៉ាក់បានបញ្ឈប់ចរិតអួតគេតាមបណ្ដាញសង្គមទៀត ហើយកែប្រែខ្លួនដើរលើផ្លូវពុទ្ធសាសនា។ តែចំពោះខ្ញុំវិញនៅតែមានអារម្មណ៍វិលវល់មិនសុខនូវហេតុការណ៍អាក្រក់ដែលបានកើតឡើងនាយប់នោះ ហើយថ្វីៗនេះ ខ្ញុំឃើញស្នាមចម្លែកម្យ៉ាងចេញនៅជិតកំភ្លៅរបស់ខ្ញុំ ហើយខ្ញុំមានប្រផ្នូលចម្លែកមួយថាខ្ញុំត្រូវបានខ្មោចចូលហើយ៕