គណៈកម្មការទី៧នៃរដ្ឋសភា គាំទ្រផែនទីចង្អុលផ្លូវ ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩
រាជធានីភ្នំពេញ ៖ ក្នុងជំនួបកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាលោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានគាំទ្រចំពោះផែនទីចង្អុលផ្លូវ (Roadmap) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ។
លោកថោង ខុន បានលើកឡើងជូនអង្គប្រជុំអំពីការងារសំខាន់ៗជាអាទិភាពដែលក្រសួងត្រូវអនុវត្តក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរួមមាន៖ ការបង្កើនភាពជឿជាក់ និងទុកចិត្ត (Building Trust & Confidence) ការផ្តល់តម្លៃសមរម្យ (Right Price) ការរៀបចំកញ្ចប់ទស្សនកិច្ចពិសេស (Green Travel Bubble) និងការសម្រួលបែបបទនៃការធ្វើដំណើរ (Travel Facilitation) ។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយក្រសួងបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម។
គណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ថោង ខុន និងមន្ត្រីរាជការក្នុងគ្រាលំបាកនៃកូវីដ១៩ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនក្នុងវិស័យទេសចរណ៍នាពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ យុទ្ធសាស្ត និងផែនទីបង្ហាញផ្លូវដ៏ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញ។
គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានស្វែងយល់ពីបញ្ហាប្រឈមដែលក្រសួងទេសចរណ៍បាន និងកំពុងជួបប្រទះ ហើយបានផ្តល់អនុសាសន៍ជាធាតុចូលបន្ថែម និងផ្តល់ការគាំទ្រដល់ក្រសួងក្នុងជំរុញការអនុវត្តគោលដៅយុទ្ធសាស្ត្រទាំងបួន ការរៀបចំផែនទីចង្អុលផ្លូវ (Road Map) ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងការសិក្សាលើគោលការណ៍ «Travel Bubble» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ក្នុងគោលដៅជំរុញចលនាទេសចរណ៍។
លោកហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យក្រសួងបន្តបេសកកម្មរបស់ខ្លួន ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេស ដោយផ្តោតការគិតគូរលើកត្តាសំខាន់បីក្នុងនោះរួមមាន៖ កត្តាចក្ខុវិស័យ និងយុទ្ធសាស្ត្រ កត្តាបច្ចេកទេស និងកត្តាមហាជន (សាធារណមតិ)។
លោកក៏បានសង្កត់ធ្ងន់ដែរថា ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ ការកសាង បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ មិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ ពិតជាមានសារសំខាន់បំផុត ស្របពេលនឹងការខិតខំបន្តបង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណៈស៊ីសង្វាក់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ និងការផ្សព្វផ្សាយបង្ហាញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសុខសុវត្ថិភាព និងភាពកក់ក្តៅក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព