ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដែលជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងដោយមានការឆ្វេសប្រហែសបណ្តាលមនុស្សចំនួន៥នាក់ត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ហើយត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌងរាជអាវុធហត្ថខេត្តបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនាដែលប្រព្រឹត្តកាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលបង្កឲ្យមានមនុស្សបាត់បង់ជីវិត និងរបួសសរុបទាំងអស់ចំនួន៩នាក់នៅក្រុងប៉ោយប៉ែតនោះ ឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបុរីមួយកន្លែង ដោយសារតែការធ្វេសប្រហែស បណ្ដាលឱ្យគ្រឿងចក្រផ្ងារជើងឡើងលើ ចំណែកដងសន្ទូចក៏បានបាក់រលំសង្កត់ពីលើបុរីបូរី និងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត គឺមានករណីគ្រឿងចក្រដងសន្ទូចមួយគ្រឿងកំពុងស្ទូចជញ្ជាំងបេតុងដែលមានបណ្តោយប្រវែង៥ម៉ែត្រ៤ជ្រុង កម្រាស់ប្រហែល១០សង់ទីម៉ែត្រ បានក្រឡាប់ផ្ងារជើងម្ខាង បណ្តាលឲ្យដងសន្ទូចនោះបាក់សង្កត់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងផ្ទាំងបេតុងបានធ្លាក់សង្កត់មនុស្សចំនួន៩នាក់ ក្នុងនោះបានបាត់បង់ជីវិត៥នាក់ភ្លាមៗនៅនឹងកន្លែង និងរបួសធ្ងន់-ស្រាលចំនួន៤នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងធ្វើការចាប់ឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រស្ទូចនេះភ្លាមៗយកមកកន្លែងបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបានបំពេញសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព