កម្ពុជាស្នើ UN ពន្យារផ្លាស់ប្តូរនិងបញ្ជូនទាហានមួកខៀវទៅបំពេញបេសកម្មនៅក្រៅប្រទេស
កម្ពុជាបានស្នើអង្គការសហប្រជាជាតិ(UN) ពន្យារការផ្លាស់ប្តូរក្រុមទាហ៊ានមួកខៀវទៅបំរើការនៅក្រៅប្រទេស និងបញ្ជូនមកកម្ពុជាវិញ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ភោធសួនទឹក នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះថា សម្តេចបានប្រាប់ទៅលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាក់ទងភ្លាម ទៅអគ្គលេខាធិការអង្គការសហប្រជាតិ ហើយបើយោងរបាយការណ៍តំណាងអចិន្ត្រៃយ៍ នៅអង្គការសហប្រជាតិ យើងបានស្នើឲ្យអង្គការសហប្រជាជាតិពន្យារនៃការដោះដូរ កំលាំងប្រតិបត្តិការ រក្សាសន្តិភាពអង្គការសហប្រជាជាតិ។
សម្តេចបញ្ជាក់ថា៖«ព្រោះនៅពេលខាងមុខនេះយើងត្រូវដោះដូរកំលាំងរហូតដល់ជាង៤០០នាក់ បើដូច្នេះហានិភ័យនៃការនាំចូលពីប្រទេសក្រៅដែលមានកងទ័ពយើងនៅម៉ាលី អាហ្រិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង(មានហានិភ័យខ្ពស់) ។ ដូច្នេះបានជាកម្ពុជា លើក សំណើរទៅអង្គការសហប្រជាជាតិ ឲ្យពន្យាការផ្លាស់ប្តូរកងរក្សាសន្តិភាព ដែលត្រូវដឹកពីប្រទេសក្រៅចូលមកកម្ពុជាយើង ដឹកពីកម្ពុជាទៅប្រទេសក្រៅ ដូច្នេះគេហៅថាឆ្លងជំងឺឌុបតែម្តង»។
សម្តេចក៏បានលើកឡើងថាកងទ័ពកម្ពុជាដែលត្រូវចេញួទៅជំនួសកងទ័ពនៅខាងក្រៅ ត្រូវធ្វើចត្តាឡីស័កនៅប្រទេសនោះចំនួន១៤ ថ្ងៃ ហើយអ្នកដែលមកក៏ត្រូវធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ។ លើកការជាក់ស្តែងចំនួន៦២នាក់ដែលមកពីម៉ាលី បានធ្វើចត្តាឡីស័ក ដោយសារពេលមកត្រូវបានរកឃើញអ្នកឆ្លងនៅក្នុងចំនួននេះមានចំនួន៩នាក់ ។ ប៉ុន្តែក្រោយមក ក៏រកមិនឃើញក៏បានអនុញ្ញាតឲ្យទៅផ្ទះ ប៉ុន្តែនៅពេលក្រោយមកទៀតក៏មានករណីម្នាក់នៅខេត្តកណ្តាល ។ ករណីនេះត្រូវបានដាក់បទបញ្ជាឲ្យប្រមូលអ្នកដែលធ្វើដំ ណើររួមគ្នាវិលមកធ្វើចត្តាឡីស័កឡើងវិញនៅបន្ទាយកងទ័ព។ ទន្ទឹមនឹងនោះក៏បានស្វែង រកអ្នកដែធ្វើការប៉ះពាល់ផ្ទាល់ និងទីកន្លែងដែលប៉ះពាល់ផងដែរ ។
សម្តេចសង្កត់ធ្ងន់ថា ៖ «បញ្ហានេះខ្ញុំបានស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យពន្យាពេលសម្រាប់កងរក្សាសន្តិភាព បើមិនបានគ្រប់ប្រទេសទាំងអស់ ក៏ស្នើសុំឲ្យកម្ពុជា ។ យើងមិនស្នើទុកកងទ័ពយើងនៅទីនោះរាប់ឆ្នាំនោះទេ។ តែយើងសុំ រក្សាកងទ័ពយើងនៅទីនោះ មួយរយកាលដើម្បីកាត់បន្ថយនូវការឆ្លងនិងនាំចូលពីប្រទេសក្រៅ ហើយមកចម្លងមកក្នុងប្រទេសយើង»៕ ដោយ៖កោះសន្តិភាព