បុរសម្នាក់បង្កការរំខានជាសាធារណៈនៅកោះ Chan ខេត្ត Chonburi ត្រូវបានចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ។
ជនសង្ស័យមានឈ្មោះ Anont Sinsap អាយុ ៤៥ឆ្នាំ បានរត់គេចខ្លួនតាំងពីថ្ងៃទី ៧ ខែសីហា ហើយត្រូវចាប់ខ្លួនបានក្នុងរយៈពេល ៤ ថ្ងៃក្រោយនៅដើមសប្តាហ៍នេះ ដោយគេលាក់ខ្លួនក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងនៅខេត្ត Chachoengsao ។
យោងតាមប៉ូលិសកោះ Chan បានឱ្យដឹងថា ជនល្មើសបានប្រើប្រាស់ថ្នាំមេតាហ្វេតាមីនហើយបានវាយប្រហារមកលើអ្នកភូមិនិងបំផ្លាញទ្រព្យសម្បត្តិដោយគ្មានមូលហេតុ។ នៅពេលប៉ូលិសព្យាយាមបញ្ឈប់ហេតុការណ៍ ជនល្មើសបានវាយប៉ូលិសដោយប្រើដំបង ហើយបានលួចកាំភ្លើងប្រភេទ 9mm របស់ប៉ូលិសទៀត។ បន្ទាប់មកជនល្មើសបានភៀសខ្លួនចេញពីភូមិបាត់ទៅ។ តាមការតាមដានរបស់ប៉ូលិសឥតដាច់ គេក៏បានដឹងថាជនល្មើសលាក់ខ្លួននៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងនៅខេត្ត Chachoengsao ។
ជនល្មើសត្រូវចាប់ខ្លួនបាន បន្ទាប់ពីបួនថ្ងៃកន្លងទៅ នៅក្នុងព្រៃកៅស៊ូនោះ។ រូបគេបានអះអាងថា បានលាក់កាំភ្លើងនៅកន្លែងមួយប៉ុន្តែភ្លេចទីតាំងបាត់ទៅហើយ ហើយពេលចាប់ខ្លួនប៉ូលិសរកមិនឃើញកាំភ្លើងដែលគេធ្លាប់លួចប៉ូលិសមកនោះទេ។ បច្ចុប្បន្ននេះជនល្មើសជាប់ឃុំឃាំងនៅកោះ Chan ដោយប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់ជាច្រើនរួមមាន ការវាយដំលើមន្រ្តីសាធារណៈ បទប្រើប្រាស់គ្រឿងញៀន និងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈជន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news