អង់គ្លេស៖ យោងតាមសារព័ត៌មាន Mirror បានចុះផ្សាយឲ្យដឹងថាពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់ឈ្មោះថា The Pink Raj មានពន្លឺភ្លឺចែងចាំងប្រដេញគ្នាគួរឲ្យទាក់ភ្នែក ត្រូវបានអ្នកជំនាញជាន់ខ្ពស់ខាងត្រួតពិនិត្យពេជ្រមួយរូបឈ្មោះ Daniela Mascetti ធ្វើការពិពណ៌នាថា ពេជ្រដ៏កម្រមួយគ្រាប់នេះ គឺជាពេជ្រពណ៌ស៊ីជម្ពូដែលធំជាងគេបង្អស់នៅលើពិភពលោក ព្រោះវាមានទំហំរហូតទៅដល់៣៧ការ៉ាត់។
ពេជ្រដែលមានរស្មីចែងចាំងភ្លឺថ្លាមួយនេះ នឹងត្រូវដាក់លក់ដេញថ្លៃនៅខែក្រោយ ក្នុងទីក្រុង Geneva ប្រទេសស្វីស ក្នុងតម្លៃមួយដែលនឹកស្មានមិនដល់ គឺ ៣០លានដុល្លារឯណោះ។
អ្នកជំនាញជាន់ខ្ពស់ខាងលើបានប្រាប់ឲ្យដឹងទៀតថា ពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់នេះ មានរូបរាងស៊ិចស៊ីមែនទែន។ នៅពេលយកវាមកដាក់នៅលើដៃ អ្នកនឹងមានអារម្មណ៍ថាវាពិតជាសាកសមខ្លាំងណាស់ ព្រោះវាជាពេជ្រមួយគ្រាប់ដែលមានពន្លឺរស្មីព្រាកៗរត់ប្រដេញគ្នាយ៉ាងស្រស់ស្អាត អមជាមួយនឹងភាពរលើបរលោងនៃគ្រប់ជ្រុងទាំងអស់របស់វា។
គួរបញ្ជាក់ផងដែរថា ពេជ្រពណ៌ស៊ីជម្ពូនេះ ជាគ្រាប់ពេជ្រដែលកម្រមានបំផុត ហើយប្រសិនបើមាន វាក៏មានតម្លៃថ្លៃកប់ពពកដែរ។ ជាក់ស្តែងដូចកាលពីឆ្នាំ២០១៥ ពេជ្រប្រភេទនេះ ត្រូវបានគេដាក់លក់ដេញថ្លៃបានដល់ទៅ ១លានដុល្លារក្នុង១ការ៉ាត់ឯណោះ៕