
រឿងរ៉ាវលួចស្នាដៃសិល្បៈកាន់តែក្តៅគគុករវាងអ្នកនាងម៉េង កែវពេជ្ជតា និងនាងអូ រស្មី
រាជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវនៃការលួចស្នាដៃសិល្បៈដែលកន្លងទៅតារាចម្រៀងជួរមុខនៅកម្ពុជា អ្នកនាងម៉េង កែវជ្ជតា បានស្នើទៅអ្នកកាន់ឆាណែលយូធូបរបស់តារាចម្រៀងឈ្មោះ អូ រស្មី ឲ្យដាក់ប្រភពម្ចាស់ដើមនៃបទចម្រៀងនោះ ពេលនេះមិនបានផុតរលត់នោះទេ ។ តែបញ្ហា គឺកាន់តែក្តៅគគុក បន្ទាប់ពីនាង អូ រស្មី និងដៃគូត្រូវបានអ្នកនាងម៉េង កែវពេជ្ជតា អះអាងថា កាន់តែព្រហើន និងពោលពាក្យអសុរៈដល់រូបនាង និងជេរប្រមាថដល់អ្នកមានគុណរបស់អ្នកនាងទៀត ដែលជាទង្វើមិនអាចលើកលែងបាន ។
អ្នកនាងម៉េង កែវពេជ្ជតា ថ្មីៗនេះបានធ្វើការ Live លើហ្វេសប៊ុករបស់នាង ដោយសម្តែងការហួសចិត្តជាថ្មី និងបានបញ្ជាក់ថា អ្នកនាងបានឲ្យអ្នកច្បាប់ធ្វើការងារនេះហើយទៅលើបុរសម្នាក់ ដែលជាអ្នកកាន់ឆាណែលយូធូបរបស់នាង អូ រស្មី ដែលបានជេរប្រមាថមកលើរូបអ្នកនាងរហូតប្រើពាក្យអាក្រក់ៗដៀលដល់អ្នកមានគុណរបស់អ្នកនាងថែមទៀត ។ រឿងរ៉ាងនោះ គឺពាក់ព័ន្ធនឹងបទចម្រៀងមួយបទរបស់អ្នកនាងដែលមានចំណងជើងថា «សម្រស់នារីខ្មែរ» ត្រូវបានតារាចម្រៀងនាង អូ រស្មី យកទៅច្រៀងបង្ហោះក្នុងឆាណែលយូរធូប ដោយមិនបានដាក់ប្រភពម្ចាស់ដើម គ្រាន់តែសរសេរថាបទចម្រៀង «សម្រស់នារីខ្មែរ» ច្រៀងឡើងវិញដោយនាង អូ រស្មី អ្នកនាងម៉េង កែវពេជ្ជតា បានថ្លែង កាលពីរាត្រីថ្ងៃទី១១ សីហាថា «មុននេះមានការជជែកគ្នារវាងអ្នកលួចចម្លងស្នាដៃរបស់នាងខ្ញុំទៅមិនដាក់ឈ្មោះ ហើយគាត់ប្រើភាសាមិនថ្លៃថ្នូរអសុរៈមកលើខ្ញុំ ។ ដំបូងមានតែម្នាក់ប្រុសនេះទេ ។ បន្ទាប់មកខ្ញុំធ្វើអី ខ្ញុំមិនចង់រាលដាល ប៉ុន្តែចៃដន្យអីបងប្អូន នាងម្នាក់ដែលជាដៃគូ ការងារគាត់ហ្នឹង សម្តីគាត់ក៏ឈ្លើយមិនធម្មតាដែរ ។ ដូចខ្ញុំបង្ហោះជូនបងប្អូនអ៊ីចឹង ។ អ៊ីចឹងថ្ងៃនេះ ខ្ញុំសូមនិយាយ ដើម្បីចង់បញ្ជាក់ជូនបងប្អូនទស្សនិកជនឲ្យបានជ្រាបថា តើពាក្យដែលពួកគេទាំងពីរនាក់ចោទខ្ញុំ ថា ខ្ញុំពូកែដើរខាំគេ ទើសគេនោះធាតុពិតជាយ៉ាងម៉េច ? តើខ្ញុំដើរខាំគេ ទើសគេ ឬក៏ពួកគាត់ចូលចិត្ដដើរ ខាំគេនិងលួចវ៉ៃប្រហារគេ លួចក្តិចត្រួយគេពីក្រោយខ្នង» ។
តារាចម្រៀងដែលមានឈាមជ័រពីត្រកូលអ្នកសិល្បៈ និងបានបង្កើតស្នាដៃសិល្បៈយ៉ាងច្រើននោះបានបន្តថា «ដែលខ្ញុំតបតវិញ មិនមែនមកពីខ្ញុំពូកែខាំទេ ប៉ុន្តែខ្ញុំមិនអនុញាតិឲ្យមនុស្សប្រភេទហ្នឹងដើរបំពានដើរឈ្លើយដាក់គេទៀតទេ ។ អ្នកនាងបន្តថា អ្នកនាងជឿជាក់ថា មានបងប្អូនសិល្បករដទៃទៀត «ក៏មិនចូលចិត្តនូវអំពើលូចស្នាដៃ និងឈ្លើយដាក់ម្ចាស់ដើមនោះទេ» ។
អ្នកនាងបន្ថែមថា អ្នកនាងមិនអនុញ្ញាតិឲ្យ «ពួកដង្កូវអស់ហ្នឹងដែលលួចស្នាដៃខ្ញុំទៅលក់ហើយវាបំពានសម្លាប់ខ្ញុំអ៊ីចឹង ។ ខ្ញុំក៏អស់អត់ធ្មត់ដែរ ថ្ងៃនោះម្នាក់នុងជេរខ្ញុំយ៉ាងម៉េចដាក់ដល់ប្រើពាក្យអសុរសធ្ងន់ៗ ។ អ្នកនាងបានបន្តថា អ្នកទាំងនោះ គឺជា«មនុស្សចិត្តចោរ» ព្រោះបើមនុស្សត្រឹមត្រូវ បើម្ចាស់គេប្រតិកម្ម នោះនឹងធ្វើការសុំទោស និងមានក្តីភ្ញាក់រលឹក គាត់គ្រាន់តែចង់ល្វែងមួយពេល មិនមែនជាប្រភេទមនុស្សចិត្តចោរទេ ដូចមានផលិតកម្មខ្លះ គេក៏បានកែប្រែដាក់ប្រភពម្ចាស់ដើមវិញ ពេលមានប្រតិកម្មពីម្ចាស់បទនោះ ។
អ្នកនាងបានពោលទាំងហួសចិត្តបន្តថា «វាចម្លែកតែ ២ គ្រឿងនេះទេ ដែលគាត់មិនត្រឹមតែធ្វើតាមយើងហើយមកដៀលយើងទៀត ។ អ្នកនាងម៉េង កែវពេជ្ជតា មុននឹងរម្លឹកពាក្យដែលគេដៀលអ្នកនាងក៏បានសុំការអព្យាស្រ័យដល់អ្នកមើលការ Live របស់អ្នកនាងជាមុន ហើយបានរម្លឹកពាក្យនោះថា «ហ្អែងមានអីអស្ចារ្យ» ដែលពាក្យមួយម៉ាត់នេះ បងប្អូនទទួលយកបានទេ បើបងប្អូនជាម្ចាស់របស់ ហើយគេមកដៀលថាយើងមានអីអស្ចារ្យ ។ អ្នកនាងម៉េង កែវពេជ្ជតា បានបញ្ជាក់ថាអ្នកនាងបានធ្វើការជាមួយអ្នកច្បាប់ «ដាក់ពាក្យបណ្តឹងប្តឹងបុរសរូបនោះ រឿងលួចចម្លងស្នាដៃហើយជេរបញ្ជោខ្ញុំ ក្នុងភាសាអសុរស ។ មិនត្រឹមប៉ុណ្ណឹងទេ គម្រាមខ្ញុំទៀតបងប្អូន ដាក់រូបកាំភ្លើង » ។
រឿងរ៉ាវនៃការលួចស្នាដៃសិល្បៈនេះផងដែរ នាង អូ រស្មី ត្រូវបានគេមើលឃើញថា នាងបានចូលទៅខមមិនឌឺដងឲ្យអ្នកនាងម៉េង កែវពេជ្ជតាថា ការពិតនោះជួនកាលម្ចាស់ដើមច្រៀងមិនបានការផង ។ ដូច្នេះគួរតែ «អរគុណអ្នកច្រៀង Cover ទៅដែលគេអាចធ្វើឲ្យអ្នកបងបានល្បី ព្រោះប្រវត្តិកេរ្តិ៍ឈ្មោះអ្នកបងមិនសូវមានគេចូលចិត្តស្រាប់ផង ព្រោះពូកែតែដើរខាំគេ និងចង្អៀតចង្អល់ ហ្វែនៗអាចស្តាប់សម្លេងខ្ញុំ និងបង ថ្លឹងមើលថា មួយណាពិរោះចាក់ចំគល់កជាង ។ ចម្លើយ គឺប្រាកដជាខ្ញុំហើយដែលពិរោះ ខ្ញុំគេដាក់ឈ្មោះថា តារាចម្រៀងកន្ទុំរុយ សួរមើលថា មួយណាមិនស្គាល់ ។ ចុះបងខ្ញុំគុំយូរហើយ សូមទោសមិនចង់ជ្រលក់ជាមួយ » ។
យ៉ាងណាមិញ ខមមិនដៀមដាមខាងលើដែលគេឃើញគណនីហ្វេសប៊ុកនាង អូ រស្មី ជាអ្នកខមមិននោះបែរជាត្រូវនាង អូ រស្មី ធ្វើការបដិសេធ ដោយលើកសំអាងថា ហ្វេសប៊ុករបស់នាងត្រូវគេហែកចូល ។ នាងអូ រស្មី បានសរសេរលើហ្វេសប៊ុករបស់នាងថា «ហ្វេសបុកនាងខ្ញុំត្រូវជនថោកទាបបានឆ្លៀតឱកាសហែកនិងយកអាខោនរបស់នាងខ្ញុំទៀតហើយ ក្នុងពេលដែលអ្នកកាន់ឆាណែលយូរធូបរបស់ខ្ញុំមានការទាស់សំដីគ្នារវាងបងស្រីម៉េង កែវពេជ្ជតា រឿងបទចំរៀងដែលគាត់មិនបានដាក់ឈ្មោះរបស់គាត់ជាម្ចាស់ដើម រឿងនេះសូមបងប្អូនជួយវិភាគ នាងខ្ញុំថា ហេតុអ្វីដែលនាងខ្ញុំត្រូវសរសេរបៀបនឹងហើយយកអាខោនរបស់ខ្ញុំផ្ទាល់ ធ្វើអ៊ីចឹងនោះវាមិនត្រូវហេតុផលនោះទេ ។ នាងខ្ញុំមិនអាចល្ងង់ខ្លៅធ្វើរឿងនេះទេ នាងខ្ញុំសូមបដិសេធ សូមបងស្រី មេត្តាយោគយល់ និងវិភាគផងបងស្រី និងហ្វែនរបស់នាងខ្ញុំទាំងអស់ជួយពិចារណាផងចា៎» ។
ដែលការលើកឡើងបែបនេះ ត្រូវបានអ្នកនាងម៉េង កែវពេជ្ជតា ប្រកាសថា មិនពិត និងមិនអាចទទួលយកបាននោះ ។ ទោះបីជាយ៉ាងណាក៏ដោយមតិមហាជនភាគច្រើន គឺមិនគាំទ្រដល់ការលួចចម្លងស្នាដៃសិល្បៈនោះឡើយ ជាពិសេស គឺការប្រមាថរៀមច្បងក្នុងសិល្បៈ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព