សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានទឹកក្ដៅឧណ្ហៗ ពិតជាផ្ដល់អត្ថប្រយោជន៍អស្ចារ្យណាស់ចំពោះសុខភាព។ ការផឹកទឹកក្ដៅឧណ្ហៗជាប្រចាំ មិនព្រួយឡើងទម្ងន់ និងដុះក្បាលពោះ ជាពិសេស ការផឹកទឹកក្ដៅជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ក្នុងការរំលាយអាហារបន្ទាប់ពីការទទួលទាន បញ្ចេញកាកសំណល់ និងលាងសម្អាតកាកសំណល់ចាស់ៗដែលជាប់ស្អិតពោះវៀន។
ដើម្បីឱ្យកាន់តែស៊ីជម្រៅពីអត្ថប្រយោជន៍ដែលបានមកពីការទទួលទានទឹកក្ដៅ សូមអានអត្ថបទខាងក្រោមនេះ ៖
ផឹកទឹកក្ដៅឧណ្ហៗ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារមានដំណើរការល្អ ជាពិសេសបន្ទាប់ពីយើងទទួលទានអាហារ ផឹកទឹកក្ដៅជួយបំបែកអាហារ ផ្ដល់ភាពងាយស្រួលដល់ក្រពះក្នុងការកិនអាហារ។
ផឹកទឹកក្ដៅឧណ្ហៗ ជួយសម្អាតពោះវៀន ដោយវាជួយរំលាយអាហារចាស់ៗដែលនៅជាប់បំពង់រំលាយអាហារ។
ផឹកទឹកក្ដៅឧណ្ហៗ លាយជាមួយក្រូចឆ្មារ គឺជួយរំលាយកាកសំណល់អាហារក្នុងពោះវៀនបានល្អ ជំនួយដល់សុខភាពពោះវៀន ទប់ស្កាត់ជំងឺរាក និងទល់លាមក។
ផឹកទឹកក្ដៅឧណ្ហៗ ធ្វើរាងកាយនឹងឡើងកំដៅ ជួយទប់ទល់នឹងអាកាសធាតុត្រជាក់ក្នុងរដូវរងារ ថែមទាំងជួយបញ្ចេញជាតិពុលពីរាងកាយតាមរយៈញើសទៀតផង។
ផឹកទឹកក្ដៅឧណ្ហៗ គឺជួយបន្ធូរបន្ថយអាការតឹងច្រមុះ គ្រុនផ្ដាសាយ និងកម្ចាត់មូលហេតុដែលបង្កឱ្យមានស្លេស្មក្នុងរន្ធច្រមុះ (សម្បោរ) រួមទាំងស្លេស្ម និងកំហាកចេញពីផ្លូវដង្ហើមផងដែរ។
ផឹកទឹកក្ដៅឧណ្ហៗ គឺជួយប្រឆាំងសារជាតិកាហ្វេអ៊ីន ដែលសារជាតិនេះធ្វើឱ្យបាត់បង់ជាតិទឹកក្នុងរាងកាយ។ផឹកទឹកក្ដៅឧណ្ហៗ គឺជួយសម្រកទម្ងន់ កម្ចាត់ខ្លាញ់ក្បាលពោះ។
គួរបញ្ជាក់ថា ក្នុងរដូវភ្លៀងនេះ ការផឹកទឹកក្ដៅមិនត្រឹមតែជួយរក្សាកំដៅក្នុងខ្លួនទប់ទល់នឹងអាកាសធាតុត្រជាក់នោះទេ ថែមទាំងជួយបង្ការពីជំងឺផ្ដាសាយផងដែរ។