បរទេសតូកគី-បារាំង ៖ ភាពតានតឹងកើនកាន់តែខ្លាំងរវាងបារាំងនិងតួកគី នៅសមុទ្រមេឌីទែររ៉ាណេភាគខាងកើត ។ ដើម្បីជួយទ្រទ្រង់ដល់ប្រទេសក្រិកបារាំងបានពង្រឹងវត្តមានយោធារបស់ខ្លួនក្នុងតំបន់នោះ កាលពីថ្ងៃទី១២ សីហា ប្រឈមមុខនឹងតួកគី ដែលចោទប្រកាន់ក្រិកថាធ្វើការស្រាវជ្រាវរកថាមពលដោយខុសច្បាប់ក្នុងតំបន់ដែនទឹកនោះ ។
បារាំងបានដាក់ពង្រាយបណ្ដោះអាសន្ននូវយន្តហោះប្រដេញធុន RAFALE២ គ្រឿងនៅកោះក្រែត និងនាវាចម្បាំង២គ្រឿងនៅសមុទ្រមេឌីទែររ៉ាណេខាងកើត ដើម្បីបង្ហាញពីបំណងរបស់ខ្លួនឲ្យមានការគោរពច្បាប់អន្តរជាតិ ។ ចំណែកប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុងកាលពីថ្ងៃទី១២ សីហា បានបរិហារថា ភាពតានតឹងបង្កឡើងដោយសារការសម្រេច ជាឯកតោភាគីរបស់តួកគីស្រាវជ្រាវរកប្រេងកាតក្នុងតំបន់ដែនទឹកនោះ ។ លោកក៏អំពាវនាវដែរ ឲ្យមានការការចរចារវាងក្រុងអង់ការ៉ា និងក្រុងអាថែន ក្រោមការធ្វើអាជ្ញាកណ្ដាលរបស់អាល្លឺម៉ង់ ។
ភាពតានតឹងកាន់តែកើនឡើង កាលពីថ្ងៃទី១៣ សីហា ។ ប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាន បានព្រមាននាល្ងាចថៃ្ងនោះថា ការវាយប្រហារណាមួយ ប្រឆាំងនាវារុករកប្រេងកាតរបស់តួកគីនឹងត្រូវបង់តម្លៃដ៏ធ្ងន់ដោយ លើកឡើងម្យ៉ាងទៀតថាឧប្បត្តិហេតុមួយបានកើតមានរួចមកហើយ ។ចាប់តាំងពីថ្ងៃទី១០ សីហា មក តួកគីបានបញ្ជូននាវារុករកប្រេងរបស់ខ្លួនមួយគ្រឿងទៅកាន់តំបន់ដែលសម្បូណ៌ដោយធនធានប្រេង និងឧស្ម័ននោះដែលក្រិកថាខុសច្បាប់អន្តរជាតិ ។ ក្រិកបានអំពាវនាវរកមិត្តភក្ដិឲ្យជួយអន្តរាគមន៍ក្នុងរឿងនោះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព