ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយមែន តែមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗ ដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាល្អវិសេសអាចបង្កើតសាមគ្គីក្នុងគ្រួសារនីមួយៗបាន និងជាម្លប់ដ៏ត្រជាក់នៃគ្រួសារ ។ គ្រួសារណាមានសច្ចធម៌ជាបន្ទាត់ខ្នាតតាំងមាំល្អហើយ គ្រួសារនោះនឹងបានសុខចម្រើន ។
បើគ្រួសារយើងបានតាំងនៅស្លុបមាំក្នុងសច្ចធម៌ គឺសេចក្ដីទៀងត្រង់រវាងគ្នានឹងគ្នាហើយក៏តោងមានទមធម៌ គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំធ្វើចិត្តឲ្យស្ងប់ស្ងាត់ ទន់ភ្លន់កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត។ គឺជាសភាវៈតែងតែត្រិះរិះនូវអារម្មណ៍ផ្សេងៗ មិនឈប់ឈរ តែងតែរំភើបញាប់ញ័រពិបាកនឹងការពារ ឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន ។
អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្ដីសុខ ស្ងប់កាយចិត្តដែលជាចំណង់ធំបំផុតរបស់មនុស្សលោកប្រាថ្នាចង់បាន ។ ដោយ៖កោះសន្តិភាព