បន្ទាយមានជ័យ៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសបញ្ជាគ្រឿងចក្រម្នាក់ទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងនៅថ្ងៃទី១២ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទីនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់០៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៤នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបូរី (ដឹផាកស៊ីធីប៉ោយប៉ែត) មានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងាជើង៕
ហើយដងសន្ទូចបានបាក់រលំបណ្ដាលឱ្យសង្កត់បូរី នឹងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងបូរី បណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន០៩នាក់តែម្ដង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីកើតហេតុកម្លាំងរបស់លោក ក៏បានឃាត់ខ្លួនអ្នកបញ្ជាគ្រឿងចក្រភ្លាមៗ ហើយយកមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត បច្ចុប្បន្ន អ្នកបញ្ជាគ្រឿងច្រករូបនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ៕ដោយផេង ភាព