កាលពីថ្ងៃព្រហស្បតិ៍អង្គការសិទ្ធមនុស្សអាស៊ីអាគ្នេយ៍បានស្នើឱ្យអាជ្ញាធរកម្ពុជាពន្យល់បកស្រាយអំពីការបាត់ខ្លួនសកម្មជនថៃដែលត្រូវគេនិរទេសខ្លួន ដោយហេតុថាសកម្មជននោះត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅនឹងមុខផ្ទះល្វែងរបស់គេតែម្តងដែលមានទីតាំងនៅរាជធានីភ្នំពេញ។
សកម្មជនរូបនេះអាយុ ៣៧ ឆ្នាំ ឈ្មោះថា Wanchalerm Satsaksit ត្រូវបានគេចាប់ដាក់ក្នុងរថយន្តមួយដោយបុរសខ្មាន់កាំភ្លើង ៤ ឬ ៥នាក់ ខណៈពេលដែលគាត់កំពុងដើរនៅតាមផ្លូវនៅមុខផ្ទះល្វែងរបស់គាត់ក្នុងរាជធានីភ្នំពេញ។ លោក Brad Adams នាយកអង្គការសិទិ្ធមនុស្សប្រចាំអាស៊ីបានមានប្រសាសន៍ថា ការចាប់សកម្មជននយោបាយថៃដែលកើតឡើងក្នុងទីក្រុងភ្នំពេញទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ពីខាងអាជ្ញាធរកម្ពុជា។ អ្នកនាំពាក្យអាជ្ញាធរកម្ពុជាបានប្រាប់កាសែត Reuters ថាអាជ្ញាធរកម្ពុជាមិនបានឃាត់ខ្លួនឬចាប់ខ្លួនសកម្មជនរូបនេះទេ ហើយក៏មិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់បើកការស៊ើបអង្កេតនោះទេ។ លោក Wanchalerm ស្ថិតក្នុងចំណោមសកម្មជនថៃដែលត្រូវនិរទេសខ្លួនចំនួន ២៩នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់របស់ប្រទេសថៃក្នុងមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ។ គាត់បានភៀសខ្លួនចេញពីប្រទេសថៃបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានយោធាកោះហៅមុនពេលគាត់រត់ភៀសខ្លួន។
រូបតំណាង
នៅទីក្រុងបាងកកថ្ងៃនេះអ្នកគាំទ្រលោក Wanchalerm បានបើកយុទ្ធនាការ hashtag នៅលើបណ្តាញសង្គមហ្វេសប៊ុកថា Save Wanchalerm ។ លោក Krisana Pattanacharoen អ្នកនាំពាក្យនៃកងរាជអាវុធហត្ថថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះថា ប៉ូលិសមិនមានព័ត៌មានលំអិតអំពីការបាត់ខ្លួនរបស់លោក Wanchalerm នៅក្នុងប្រទេសកម្ពុជាទេ។ ជាមួយគ្នានេះលោកបានបដិសេធថាប៉ូលិសថៃមិនមានអ្វីពាក់ព័ន្ធនឹងសំណុំរឿងនេះទេ។
សកម្មជននយោបាយនិងជាអតីតមេដឹកនាំសហភាពនិស្សិតថៃលោក Prit (Penguin) Chivarak បាននិយាយថាក្រុមរបស់លោកនឹងធ្វើបាតុកម្មនៅល្ងាចនេះនៅលើវិថី Pathumwan ខាងមុខសាលវិចិត្រសិល្បៈបាងកកដើម្បីទាមទារយុត្តិធម៌សម្រាប់សកម្មជនដែលត្រូវបានចាប់ខ្លួន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD