រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចយល់ព្រមលើសំណើ សុំឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតរបស់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ ពិនិត្យថែទាំ ព្យាបាលជំងឺកូវីដ១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានីភ័យផ្សេងៗ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាក ការងារបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ ដល់ក្រុមគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ពិនិត្យថែទាំ និងព្យាបាលជំងឺ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២០ នៃការរាតត្បាតវីរុសកូវីដ១៩ នៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើពិភពលោក។
ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការពារបុណ្យចូលឆ្នាំប្រពៃណីជាតិក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយសង្គ្រោះ ពិនិត្យថែទាំ ព្យាបាលជំងឺកូវីដ១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានីភ័យផ្សេងៗ៕ ដោយ៖ ឃួន លក្ខិណា