អ្នកស្រាវជ្រាវរកឃើញផូស៊ីលត្រីដំបូងរបស់កម្ពុជានៅតំបន់ភ្នំស្វាយ អាយុកាលរាប់លានឆ្នាំ
ផូស៊ីលត្រីលើកដំបូងនៅលើទឹកដីកម្ពុជា ត្រូវបានក្រុមអ្នកជំនាញ និងស្រាវជ្រាវប្រទេសឃើញនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។
ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថាផូស៊ីលត្រី ជាសំណាកត្រី ដែលបានកប់ក្នុងដី ហើយប្រែក្លាយទៅជាថ្ម។ ផូស៊ីលត្រីនេះ ត្រូវបានរកឃើញ ដោយលោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សា ផូស៊ីល នៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នៅឆ្នាំ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់ បេតិកភណ្ឌធម្មជាតិ។ សំណាកត្រីនេះសល់ផ្នែកខាងក្បាល មានភ្នែក និង ព្រុយ នៅពាក់កណ្ដាលខ្លួន បែកមួយកំណាត់ ផ្នែកកន្ទុយ ដែលយើងអាចមើលឃើញ ស្នាមពណ៌ក្រហម មានទំហំប្រមាណ ៣ ស.ម និងបណ្ដោយ ៨ ស.ម និងមានសំណាកផូស៊ីល ផ្សេងៗជាច្រើនទៀត ដែលកប់ នៅក្នុងថ្មកំបោរមួយដុំ។ យើងមិនទាន់ដឹងថា តើត្រីនេះ ជាប្រភេទត្រី អ្វីនោះទេ? ត្រីដែលត្រូវបានកប់ចូលទៅក្នុងដីល្បាប់ដែលមានជាតិកំបោរ ហើយក្រោយមក បានកកជាថ្មកំបោរ។
ភ្នំស្វាយ ជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីតកាល ស្ថិតជាសមុទ្រ ដែលកើតឡើងដោយកំណក នៃសារធាតុកំបោរតាមរយៈផែនទី Geological map of Cambodia ភ្នំទាំងនេះ ត្រូវបានកំណត់ ក្នុងសម័យកាល Permian (២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាក ផូស៊ីលត្រី ដំបូង នៅប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយ៕