មនុស្សគិតថាសំណាងល្អ ឬអាក្រក់កើតមានឡើងដោយឯងៗ និងតែងតែកើតមានឡើងពេលដែលមនុស្សមិនបានរំពឹងទុកមុន។ ប៉ុន្តែសាស្ត្រាចារ្យ ធីណា ស៊ីឡីក (Tina Seelig) ដែលជាសាស្ត្រាចារ្យផ្នែកសហគ្រិនភាពប្រចាំមហាវិទ្យាល័យ Stanford បានប្រាប់មកថា សំណាងល្អកើតចេញពីខួរក្បាលរបស់អ្នកទាំងស្រុងទៅវិញ។
ក្នុងរយៈពេល ២០ឆ្នាំ នៃការតាមដានអ្វីដែលធ្វើឲ្យមនុស្សមួយចំនួនមានសំណាងល្អជាងអ្នកដទៃ សាស្ត្រាចារ្យនេះបានប្រទះឃើញថា មនុស្សដែលមានសំណាងល្អភាគច្រើនជាមនុស្សដែលបង្កើតសំណាងសម្រាប់ខ្លួនឯង ។ ខាងក្រោមនេះគឺជាវិធីដែលសាស្ត្រាចារ្យស៊ីឡីកបង្រៀនដល់អ្នកដទៃដើម្បីបង្កើនសំណាងរបស់ពួកគេ៖
១. ធ្វើអ្វីដែលមានហានិភ័យតិច
អ្នកស្រីជំរុញទឹកចិត្តមនុស្សឲ្យមានភាពក្លាហានក្នុងការធ្វើអ្វីដែលមានហានិភ័យ និងធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក ប៉ុន្តែអ្នកស្រីបានបន្ថែមថា មនុស្សត្រូវតែគិតគូរឲ្យបានច្បាស់លាស់មុនពេលធ្វើដូច្នេះ។ ផ្ទុយមកវិញ អ្នកស្រីបានប្រាប់ថា អ្នកគួរតែធ្វើអ្វីដែលមានហានិភ័យតិច ឬអ្វីដែលអ្នកអាចជោគជ័យបានដោយសាកល្បងព្យាយាមធ្វើវាពីរទៅបីដង។ ឧទាហរណ៍ ប្រសិនបើអ្នកជាមនុស្សដែលពូកែខ្មាសអៀនច្រើន អ្នកអាចព្យាយាមនិយាយជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមកជាដើម។
២. បង្ហាញអំណរគុណ
ការបង្ហាញអំណរគុណអាចផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកជាច្រើនទោះជាពេលដែលអ្នកបានបរាជ័យពិតមែនក្តី។ ឧទាហរណ៍ អ្នកមិនទទួលបានការងារក្នុងក្តីសុបិនរបស់អ្នកទេ ប៉ុន្តែអ្នកមិនគួរចុះចាញឡើយ។ ផ្ទុយមកវិញ ព្យាយាមវិភាគនិងវាយតម្លៃមើលលើអ្វីដែលអ្នកអាចរៀនសូត្របានពីបទពិសោធន៍នោះ។ បន្ទាប់មកអរគុណមនុស្សដែលបានជួយអ្នក។ ការធ្វើដូច្នេះអាចអនុញ្ញាតឲ្យអ្នកទាំងនោះផ្តល់នូវឱកាសល្អៗដល់អ្នកនៅថ្ងៃអនាគតទៀត។
៣. រកមើលអ្វីដែលល្អពីអ្វីដែលអាក្រក់
គំនិតរបស់មនុស្សមិនតែងតែស ឬ ខ្មៅទេ។ ទោះជាគំនិតដែលមិនល្អក៏នៅមានចំណុចមួយចំនួនដែលអ្នកអាចរៀនសូត្រពីវាបានដែរ។ ដូច្នេះអ្នកស្រីបង្រៀនឲ្យអ្នកដទៃមើលទៅគំនិតមិនល្អដោយគំនិតសុទិដ្ឋិនិយម ព្រោះអ្នកអាចរកឃើញអ្វីដែលល្អនិងចាប់យកឱកាសដែលអ្នកដទៃមើលមិនឃើញ៕ដោយ៖កោះសន្តិភាព