វប្បធម៌មានសារៈសំខាន់ណាស់សម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ហើយភាគច្រើនវាជួយបែងចែករវាងអាជីវកម្មដែលជោគជ័យ និងអាជីវកម្មដែលមិនជោគជ័យ។ យោងទៅតាមលោក ចូ សៃ (Joe Tsai) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Alibaba Group បានឲ្យដឹងថា ការកំណត់វប្បធម៌ដែលត្រឹមត្រូវគឺជាឧបសគ្គធំមួយ និងជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនទាំងតូចទាំងធំដែរ។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីដើមខែសីហាកន្លងមកនេះថា វប្បធម៌ទាំងនោះគួរតែរួមមានគោលបំណង ចក្ខុវិស័យ និងគោលការណ៍ ។ លោកបាននិយាយថា«នៅ Alibaba វប្បធម៌មានន័យថា ជាដំបូងអ្នកត្រូវតែមានគោលបំណងមួយ ។ មានមូលហេតុផ្សេងទៀតដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងក្រៅពីដើម្បីរកលុយ។»
«ជាបន្ទាប់ អ្នកត្រូវតែកំណត់ចក្ខុវិស័យសម្រាប់ថ្ងៃអនាគត ។ តើអ្នកចង់ឲ្យក្រុមហ៊ុនក្លាយជាអ្វី? តើអ្នកចង់ឲ្យក្រុមហ៊ុនស្ថិតនៅឯណា? ហើយទាំងនោះអាចជាគោលដៅរយៈពេល ៥ឬ១០ឆ្នាំរបស់ក្រុមហ៊ុន។»
«ទីបី គឺគោលការណ៍ ។ តើអ្នករស់នៅដោយគោរពគោលការណ៍អ្វីខ្លះ? តើអ្នកចង់ឲ្យបុគ្គលិករបស់អ្នករស់នៅយ៉ាងដូចម្តេចទាំងក្នុងនិងក្រៅការិយាល័យ? ចំណុចទាំងបីនេះនៅ Alibaba បានបង្កើតជាវប្បធម៌របស់ពួកយើង។» លោកសៃបានបន្ថែមទៀតថា ពេលដែលវប្បធម៌ត្រូវបានបង្កើតចេញហើយ អ្នកត្រូវតែព្យាយាមផ្សព្វផ្សាយវាក្នុងអាជីវកម្មតាមរយៈមនុស្សដែលត្រឹមត្រូវ។ ពេលដែល Alibaba ចាប់ផ្តើមដំបូង រឿងនេះមិនពិបាកឡើយព្រោះក្រុមហ៊ុនមិនមានបុគ្គលិកច្រើនទេ។ ប៉ុន្តែបច្ចុប្បន្ននេះ Alibaba មានបុគ្គលិកអន្តរជាតិប្រមាណ ១២ម៉ឺននាក់ទៅហើយ ដូច្នេះការជ្រើសរើសបុគ្គលិកដោយត្រឹមត្រូវពិតជាសំខាន់ណាស់។ លោកបានបន្តទៀតថា «ក្នុងនាមជាសហគ្រិន អ្នកត្រូវតែផ្តោតស្មារតីយ៉ាងខ្លាំងលើមនុស្ស ដោយធានាថាពួកគេយល់និងគោរពតាមវប្បធម៌ក្រុមហ៊ុន ខណៈដែលបន្តលើកស្ទួយពួកគេដើម្បីឲ្យពួកគេកាន់តែមានតម្លៃសម្រាប់អាជីវកម្មរបស់អ្នកពីមួយឆ្នាំទៅមួយឆ្នាំ។» វាមិនត្រឹមតែទាក់ទិននឹងការរកមនុស្សដែលត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នកទេ តែវាក៏ទាក់ទិននឹងការរកនូវតួនាទីដែលស័ក្តិសមបំផុតសម្រាប់ពួកគេដែរ។ លើសពីនេះទៅទៀត លោកបានកត់សម្គាល់ថា អត្តចរិតរបស់បុគ្គលិកក៏មានសារៈសំខាន់ដែរ។
លោកបានបកស្រាយថា «ប្រសិនបើមនុស្សចូលមកស្ថាប័នរបស់អ្នក និងបង្ហាញនូវភាពអវិជ្ជមាន នោះវាមិនល្អទេ។ អ្នកត្រូវតែលុបបំបាត់ភាពអវិជ្ជមាននោះឲ្យបានលឿនព្រោះវាអាចប៉ះពាល់ដល់សមាជិកក្នុងក្រុម។ ប៉ុន្តែមនុស្សដែលអាចនាំយកភាពវិជ្ជមានវិញ និងជំរុញទឹកចិត្តមិត្តរួមក្រុមរបស់ពួកគេ។» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព