ការផ្ទុះនូវជំងឺកូវីដ ១៩ បានបង្កឲ្យមនុស្សគ្រប់គ្នាមានការលំបាកកាន់តែខ្លាំងឡើងក្នុងការធ្វើការសម្រេចចិត្តធំៗទាក់ទិននឹងលុយ ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់ល្អៗក្នុងការគ្រប់គ្រងលុយ នោះអ្នកនឹងអាចត្រៀមខ្លួនសម្រាប់ស្ថានការមិនល្អៗ ព្រមទាំងអាចសន្សំលុយបានកាន់តែច្រើនសម្រាប់ថ្ងៃអនាគតថែមទៀតផង។
សេដ្ឋវិទូ ដេន អារីលី (Dan Ariely) បានផ្តល់យោបល់មកថា មនុស្សម្នាក់ៗគួរតែមានបញ្ជីពីរសម្រាប់ការរៀបចំផែនការរយៈពេលខ្លី និងវែង ។ បញ្ជីទីមួយ គឺបញ្ជីសម្ភារៈដែលអ្នកត្រូវកាត់បន្ថយក្នុងពេលនេះ ។ អ្នកត្រូវមើលទម្លាប់ចាយវាយប្រចាំខែរបស់អ្នកឡើងវិញ និងមើលថា តើអ្នកអាចកាត់បន្ថយការចាយវាយអ្វីខ្លះ ។ តើអ្នកកំពុងតែចាយវាយលើអ្វីដែលអ្នកមិនត្រូវការ ឬមិនប្រើប្រាស់ទេ?
បញ្ជីទីពីរ គឺបញ្ជីដែលប្រាប់ពីអ្វីអ្នកត្រូវកាត់បន្ថយបន្ថែមទៀត ពេលស្ថានការមិនល្អកើតមានឡើង ។ ឧទាហរណ៍ដូចជា ពេលដែលអ្នកបានបាត់បង់ការងារ ឬជួបការកាត់បន្ថយប្រាក់ខែជាដើម ។ អ្នកត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ស្ថានការអាក្រក់ៗមុនពេលវាកើតមានឡើងពិតមែន ព្រោះពេលដែលស្ថានការទាំងនោះកើតមានឡើង អ្នកប្រហែលជាមិនមានសតិស្មារតីល្អគ្រប់គ្រាន់សម្រាប់រៀបចំផែនការទេ។ លោកអារីលីបានបន្ថែមទៀតថា វាមិនមែនជាបញ្ហាទេក្នុងការកែសម្រួលគោលដៅសន្សំរបស់អ្នក ហើយប្រសិនបើអ្នកត្រូវការលុយបន្ថែម វាក៏មិនមែនជាបញ្ហដែរក្នុងការដកលុយសន្សំរបស់អ្នកយកមកប្រើប្រាស់ ប៉ុន្តែអ្នកគួរតែប្រើវាដោយមានការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកជួបនូវបញ្ហាលុយធ្ងន់ធ្ងរក្នុងពេលនេះនោះ អ្នកអាចពិចារណាធ្វើបញ្ជីដូចខាងលើបានព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ថា អ្នកអាចគ្រប់គ្រងអនាគតរបស់អ្នកបានល្អជាងមុន ។ ហើយប្រសិនបើអ្នកកំពុងតែសន្សំលុយនៅធនាគារនោះ អ្នកគួរតែជ្រើសរើសគណនីសន្សំដែលផ្តល់នូវអត្រាការប្រាក់ខ្ពស់ផងដែរ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព