(ភ្នំពេញ)៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅព្រឹកនេះទាំងសមត្ថកិច្ច និងអាជ្ញាធរបានបន្តឡោមព័ទ្ធចាប់មេក្លោងជួញដូរគ្រឿងញៀន ដែលផ្ទុះអាវុធបាញ់តដៃជាមួយសមត្ថកិច្ច នៅអគារមួយខុនដូកន្លែងក្នុងកោះពេជ្រ នាយប់មិញនេះ។
មន្ត្រីនគរបាលដដែលរូបនោះបានបញ្ជាក់ឲ្យដឹងថា នៅយប់មិញនេះ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យ២នាក់ ដែលជាជនជាតិចិន ខណៈមេក្លោងដែលបាញ់តដៃជាមួយសមត្ថកិច្ចនោះ មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។
គួរបញ្ជាក់ថា មានការបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោងជាង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការផ្ទុះអាវុធនេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
បន្ទាប់កើតហេតុការណ៍ គេឃើញមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យមើលដោយផ្ទាល់ផងដែរ៕