ព័រទុយហ្គាល់ ៖ នាយករដ្ឋមន្ត្រីព័រទុយហ្កាល់លោក Antonio Costa បានលើកទឹកចិត្តដល់អ្នកគាំទ្រ និងភ្ញៀវទេសចរអោយមកលេងប្រទេសខ្លួន អំឡុងពេលនៃការប្រកួតពានរង្វាន់ Champions League ដែលចាប់ផ្តើមកាលថ្ងៃពុធម្សិលមិញ ទោះបីជាអ្នកគាំទ្រត្រូវបានរារាំងមិនអោយចូលទស្សនាក្នុងកីឡដ្ឋានយ៉ាងក៏ដោយ។
ក្រុមកំពូលៗនៅអឺរ៉ុប កំពុងធ្វើសកម្មភាពប្រកួតប្រជែងនៅទីក្រុងលីសបោន ដែលទទួលបានសិទ្ធិរៀបចំការប្រកួតចាប់ពីវគ្គ ៨ក្រុមចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ខណៈការប្រកួតដែលក្រុម PSG យកឈ្នះលើក្រុម Atalanta ដោយលទ្ធផល ២-១ កាលពីម្សិលមិញ គឺជាជំនួបបើកឆាកព្រឹត្តិការណ៍នេះ នៅព័រទុយហ្គាល់។
លោក Antonio Costa បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំយល់ពីការខកចិត្តរបស់អ្នកគ្រប់គ្នា ដែលមិនអាចចូលរួមទស្សនាការប្រកួតដោយផ្ទាល់បាន។ ប៉ុន្តែអ្នកអាចចំណាយពេលវេលាវិស្សមកាលរបស់អ្នក ឬសម្រាប់ហេតុផលណាមួយ អំឡុងពេលមានការប្រកួតនេះ។ អ្នកនឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រទេសព័រទុយហ្គាល់ ហើយអ្នកអាចធ្វើជាខ្លួនអ្នកផ្ទាល់ ពីព្រោះព័រទុយហ្គាល់មានសុវត្ថិភាពពេញលេញ»។
គូសបញ្ជាក់ថា PSG គឺជាក្រុមដំបូងគេ ដែលបានបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះ Atalanta។ បន្ទាប់ពីការចាប់ពីវគ្គ៨ក្រុម រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានអនុម័តពី UEFA អោយលេងតែមួយជើងប៉ុណ្ណោះ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ខណៈដែលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព