នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន បីនាក់ ដែលជាជនជាតិថៃត្រឡប់មកពីប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេសកើនឡើងដល់ ៣ ៣៥៩នាក់។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានរាយការណ៍ថា អ្នកជំងឺដែលវិលត្រឡប់មកពីប្រទេសសិង្ហបូរី គឺជាកម្មករសំណង់ម្នាក់មានអាយុ ៥៣ឆ្នាំ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ។
អ្នកឆ្លងជំងឺថ្មីពីរនាក់ទៀត គឺជាជនជាតិថៃត្រឡប់មកពីប្រទេសឥណ្ឌា មានអាយុ ៣០ឆ្នាំ និងបានមកដល់ប្រទេសថៃកាលពីថ្ងៃសៅរ៍ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ព្រមទាំងបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ។
ក្នុងចំណោមប្រជាជនមកពីប្រទេសឥណ្ឌាទាំង ៣ ២៨៦នាក់ មាន ៦.៤% បានឆ្លងមេរោគកូវីដ១៩ ។ ចំណែកអត្រាឆ្លងក្នុងចំណោមអ្នកដែលមកពីប្រទេសសិង្ហបុរីទាំង ១ ៩៤៣នាក់ វិញគឺមាន១.៩%ដែលបានឆ្លងជំងឺ។ បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣ ១៦៩នាក់ បានជាសះស្បើយចំនួន៩៤% និងបន្សល់ទុកអ្នកជំងឺចំនួន ១៣២នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ២០.៨១លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៧៤៧ ២៥៨នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៥.៣៦លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦៩ ១៣១នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដែលមានអ្នកឆ្លងជំងឺចំនួន ៣.១៧លាននាក់ និងមានអ្នកស្លាប់ចំនួន ១០៤ ២៦៣នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៣ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ២.៣៩លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៥០នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១១៤ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bagkok post